នៅរសៀល ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងសហការី បានអញ្ជើញចុះពិនិត្យស្ថានភាពប្រមូលផលត្រីសម្រាប់ធ្វើប្រហុក ផ្អក នៅដាយត្រីលេខ១៣ និង១៥ តាមដងទន្លេសាបក្នុងភូមិសាស្ត្រឃុំកំពង់ហ្លួង និងឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល ហើយនិងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលមកទិញត្រីធ្វើប្រហុក ផ្អកដែលមកពីបណ្ដាខេត្តផ្សេងៗ។ តាមការវាយតម្លៃជាបឋមបានឲ្យដឹងថាលំហូរត្រីដែលចេញបឹងទន្លេសាបនាឆ្នាំនេះបានល្អនិងមានទម្រង់ធំជាងឆ្នាំទៅ គឺដោយសារប្រមុខរាជរដ្ឋាភិបាលបានសម្រេចចិត្តធ្វើការ បង្រាបបទល្មើសនេសាទ ទ្រង់ទ្រាយ ធំជារបៀបភ្លៀងរលឹម ។ ជាលទ្ធផលយើងមានក្តីសង្ឃឹមថាអាចទទួលបានផលប្រមាណជាជាង១៤០ពាន់តោនក្នុងឆ្នាំនេះនៅក្នុងដែននេសាទទឹកសាប កើនឡើងលើសពីឆ្នាំមុនចំនួន ៥ពាន់តោន ហើយនឹងអាច ទទួលបានផលនេសាទសរុបចំនួន ៥០០ ពាន់តោន ដោយគិតរាប់បញ្ចូលការនេសាទតាមស្រែ និងវារីវប្បកម្មទឹកសាប ។ ជាមួយនឹងទទួលបានផលនេសាទដ៏ច្រើននេះ ក៏មានប្រជាជនអញ្ជើញមកពីតាមបណ្តា ខេត្តជាពិសេសខេត្តកំពង់ស្ពឺបានមកធ្វើត្រីប្រហុករាប់ពាន់គ្រួសារ ដោយតម្លៃត្រីមានចាប់ពីមួយពាន់រៀលឡើងក្នុងមួយគីឡូក្រាម ។