នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ចាស្ទីន វ៉ាយអេត (Justin Whyatt) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណចំពោះភាគីអូស្ត្រាលីដែលមានកិច្ចសហប្រតិបត្តិការល្អ ហើយបាននិងកំពុងបន្តចូលរួមគាំទ្រក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ជាពិសេសការអភិវឌ្ឍពូជស្រូវចំប៉ីស៧០។ ពូជស្រូវចំប៉ីស៧០ បើតាមឯកឧត្តមរដ្ឋមន្ដ្រី គឺជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការដ៏ប្រសើររវាងកម្ពុជានិងអូស្ត្រាលី នៅក្នុងវិស័យកសិកម្ម។ ឯកឧត្តមរដ្ឋមន្ដ្រីបានស្នើដល់ភាគីអូស្ដ្រាលីពិនិត្យលទ្ធភាពសិក្សាអំពីខ្សែច្រវាក់ផលិតកម្មនៃពូជស្រូវចំប៉ីស៧០ ដើម្បីធានាបាននូវទីផ្សារជាក់លាក់មួយសម្រាប់កសិករដែលផលិតពូជស្រូវនេះនាពេលអនាគត។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា នៅក្នុងអាណត្តិថ្មីនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយអាទិភាពបន្ទាន់ចំនួន៦ ដែលក្នុងនោះ ក៏មានផងដែរ គោលនយោបាយទាក់ទងនឹងវិស័យកសិកម្ម ជាអាថិ៍ ការដាក់ពង្រាយមន្ដ្រីកសិកម្មនៅតាមឃុំដែលមានសកម្មភាពកសិកម្ម ដើម្បីជួយដល់កសិករ និងការពង្រឹងសហគមន៍កសិកម្ម។
ទាក់ទងទៅនឹងការអភិវឌ្ឍធនធានមនុស្ស ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងពីតម្រូវការចាំបាច់របស់និស្សិតសិក្សាផ្នែកកសិកម្ម ដែលត្រូវការការពង្រឹងសមត្ថភាពឱ្យកាន់តែប្រសើរ ក្នុងផ្នែកភាសា នវានុវត្តន៍ និងបច្ចេកវិទ្យា។ ឯកឧត្តមបញ្ជាក់ពីការស្វាគមន៍ចំពោះការគាំទ្រពីសំណាក់ភាគីអូស្ត្រាលីក្នុងការផ្ដល់សាស្ត្រាចារ្យមកបង្រៀននិស្សិតក្នុងផ្នែកទាំងនេះ៕