នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅភូមិសែនមនោរតន៍ ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ មានប្រារព្វពិធីវេទិកា សាធារណៈដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្រ្តចតុកោណតំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកតំបែរ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវអភិបាលរងខេត្តត្បូងឃ្មុំ អស់លោក លោកស្រី ជាអនុប្រធាន និងសមាជិកក្រុមការងារ មន្ទីរ និងការិយាល័យជំនាញជុំវិញខេត្ត ស្រុក អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋមូលដ្ឋាន ប្រមាណជាង ៨០០នាក់។
ក្រោយពីបានលើកពីការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនែព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងមានមតិសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅក្នុងវេទិកានោះរួចមក មានតំណាងប្រជាពលរដ្ខជាច្រើនភូមិបានទ្បើងមានមតិពាក់ព័ន្ធនិងបញ្ហាប្រឈមក្នុងភូមិ ឃុំ និងស្នើនូវសំណូមពរជាច្រើនផងដែរ។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្រ្តីបានបកស្រាយ និងដាក់ចុះវិធានការដោះស្រាយនូវបញ្ហាប្រឈមដែលបានលើកទ្បើងដោយប្រជាពលរដ្ឋ ហើយនិងបានដោះស្រាយនូវសំណូមពរប្រជាពលរដ្ឋជាច្រើនផងដែរ។