នាព្រឹកថ្ងៃចន្ទ ៤កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសណ្ឋាគារ Sun & Moon Riverside រាជធានីភ្នំពេញ នាយកដ្ឋានផែនការ និងស្ថិតិ បានសហការជាមួយទីភ្នាក់ងារលើកកម្ពស់អប់រំ និងសេវាព័ត៌មានស្បៀង EPIS នៃសាធារណរដ្ឋកូរ៉េ និងប្រព័ន្ធព័ត៌មានសន្តិសុខ ស្បៀងអាស៊ាន (AFSIS) ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ាន (ASEAN+3) បានរៀបចំវគ្គបណ្តុះបណ្តាលទូទៅ ស្តីពីវិធីសាស្រ្តព្យាករទិន្នផលស្រូវនៃគម្រោងស្តីពីការបង្កើតប្រព័ន្ធព័ត៌មានសន្តិសុខស្បៀងអាស៊ាន និងការអភិវឌ្ឍធនធានមនុស្ស (ដំណាក់កាលទី៣) ដល់មន្ត្រីជំនាញមកពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទាំង២៥រាជធានី-ខេត្ត ក្រោមអធិបតីភាពលោក ហុក គឹមធួន ប្រធាននាយកដ្ឋានផែនការ និងស្ថិតិ។ គោលបំណងវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីធ្វើការផ្ទៀងផ្ទាត់ទិន្នន័យតាមរយៈដ្រូន ជាមួយនឹងទិន្នន័យស្ថិតិកសិកម្មលើដំណាំស្រូវ ឱ្យកាន់តែមានភាពសុក្រិត្យ កាត់បន្ថយកម្រិតលំអៀងឱ្យកាន់ល្អប្រសើរ និងពង្រឹងសមត្ថភាពពាក់ព័ន្ធលើការងារប្រមូលទិន្នន័យស្ថិតិឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។