សមាគមន៍ចិញ្ចឹមត្រី របស់ជនជាតិជប៉ុន បានបង្ហាញពីបំណង ដើម្បីនាំយកពូជត្រីទឹកសាបម្យ៉ាង ដែលមានឈ្មោះថា នីស៊ីគីកយ (Nishiki-KOI) យកមកបង្កាត់ និងផ្សព្វផ្សាយនៅប្រទេសកម្ពុជា។ គោលបំណងនេះ បានធ្វើឡើងខណៈដែលប្រតិភូមួយក្រុម របស់ជប៉ុនចូលរួមពិភាក្សា ជាមួយឯកឧត្ដមបណ្ឌិតច័ន្ទ សារុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម កាលពីរសៀលថ្ងៃទី១៩ ខែមករានាទីស្ដីការក្រសួង ។
មន្ដ្រីខុទ្ទកាល័យ បានប្រាប់ឱ្យដឹងថា ប្រតិភូដែលមាន៨រូប ដឹកនាំដោយលោកតូស៊ីយូគី ម៉ាអេហារ៉ា បានជួបជាមួយឯកឧត្ដមរដ្ឋមន្ដ្រី ដើម្បីពិភាក្សាលើគម្រោងចិញ្ចឹមត្រីពូជជប៉ុន។ ត្រីនោះមានឈ្មោះថា នីស៊ីគីកយ ជាពូជត្រី ដែលបានបង្កើតឡើង ដោយការបង្កាត់ពូជ តាមបែបវិទ្យាសាស្ដ្រឌីអិនអេ (DNA) ទំនើប។ ពូជត្រីនេះក៏ជំនួយដល់សុខភាពផងដែរ ។
មន្រី្ដរូបនេះ បានបន្ដទៀតថា គណៈប្រតិភូសមាគមចិញ្ចឹមត្រីជប៉ុន មានបំណងនាំយកពូជត្រីនេះ មកបង្កាត់ និងផ្សព្វផ្សាយ នៅប្រទេសកម្ពុជាយើង ប្រសិនជាមានការអនុញ្ញាតិ។
ប៉ុន្ដែប្រការសំខាន់នោះ ប្រសិនជាកម្ពុជាអនុញ្ញាត សម្រាប់ការនាំយកពូជត្រីនេះ មកបង្កាត់ និងផ្សព្វផ្សាយ គឺកម្ពុជាជាប្រទេសទី១ ដែលជប៉ុនបានជ្រើសរើស សម្រាប់ការនាំពូជត្រីនេះ ចេញក្រៅប្រទេសរបស់ខ្លួន។ ជប៉ុនគិតថា នេះក៏ជាការភ្ជាប់ទំនាក់ទំនង ឱ្យកាន់តែមុតមាំថែមទៀតរវាងកម្ពុជាជប៉ុន ។ ម្យ៉ាងទៀតពូជត្រីលូតលាស់លឿន ងាយស្រួលក្នុងការចិញ្ចឹម ។
ឯកឧត្ដមរដ្ឋមន្ដ្រី បានសម្ដែងនូវការគាំទ្រ ចំពោះគោលបំណងដ៏ល្អនេះ។ ឯកឧត្ដមបានរំពឹងថា ពូជត្រីនេះអាចនឹងមានវត្ដមាននៅកម្ពុជា ប្រសិនជាការពិភាក្សា និងការពិនិត្យបច្ចេកទេស មានលទ្ធផលវិជ្ជមាន។ ឯកឧត្ដមរដ្ឋមន្ដ្រី បានណែនាំឱ្យមានការពិភាក្សា ជាមួយផ្នែករដ្ឋបាលជលផលអំពីបញ្ហាបច្ចេកទេស ។
គួររំលឹកថា ពូជត្រីនេះមានរយៈកាល៥០០ឆ្នាំមកហើយ។ នីស៊ីគីកយជាពូជបង្កាត់ចុងក្រោយនៃអម្បូរត្រីដ៏ចំណាស់មួយនេះ ៕