នៅក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៤ បានប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី៨ មីនា ខួបលើកទី១០៣ ឆ្នាំ២០១៤ ក្រោមប្រធានបទ “ សមភាពនៃការអប់រំ មានសារៈសំខាន់ក្នុងកិច្ចអភិវឌ្ឍន៍សង្គម ” ដែលពិធីនេះប្រព្រឹត្តក្រោអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការអញ្ជើញចូលរួមផងដែរពីលោកជំទាវ អ៊ឹម ស៊ីថែ រដ្ឋលេខាធិការតំណាងក្រសួងកិច្ចការនារី ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងគ្រប់អង្គភាពទាំងអស់សរុបជាង៣០០នាក់ ក្នុងនោះតំណាងនារីអញ្ជើញមកពីគ្រប់អង្គភាពក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទាំងអស់២៥០នាក់។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីក្នុងនាមថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកដ៏ជ្រាលជ្រៅពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាព្រមទាំង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនជូនចំពោះបងប្អូននារីជាមន្ត្រីរាជការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទាំងអស់ ដែលកំពុងប្រារព្ធខួបលើកទី១០៣ នៃទិវាអន្តរជាតិនារីដ៏ថ្លៃថ្លានេះ ដែលសម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន តែងតែយកចិត្តទុកដាក់ការពារ និងលើកកម្ពស់តម្លៃនៃនារីខ្មែរយើងផ្សារភ្ជាប់ទៅនឹងចលនាដ៏សកម្មរបស់នារីទូទាំងពិភពលោក។
បន្ទាប់ពីបានស្តាប់នូវរបាយការណ៍របស់លោកស្រី អ៊ួង ហេង តំណាងនារីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានរៀបរាប់អំពីសកម្មភាពលម្អិតរបស់ក្រុមការងារយេនឌ័រក្នុងការអភិវឌ្ឍវិស័យកសិកម្មនារយៈពេល១ឆ្នាំកន្លងមក លោកជំទាវ អ៊ឹម ស៊ីថែ បានជម្រាបជូនអង្គពិធីផងដែរថា ក្នុងចំណោមប្រទេសចំនួន៣៦ក្នុងពិភពលោក ប្រទេសកម្ពុជាបានរៀបចំ និងកំពុងអនុវត្តក្របខណ្ឌ និងផែនការសកម្មភាពក្នុងការពន្លឿនគោលដៅទី៣នៃគោលដៅអភិវឌ្ឍសហស្សវត្សរ៍ ស្តីពីការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី ដោយផ្តោតលើការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចតាមរយៈការបង្កើនជំនាញវិជ្ជាជីវៈ ការគាំទ្រសហគ្រិនភាពរបស់ស្ត្រី និងការលើកកម្ពស់ជីវភាពស្ត្រី និងគ្រួសារនៅតាមជនបទ។ ក្រសួងកិច្ចការនារីបានគាំទ្រ និងសម្របសម្រួលឱ្យមានការបង្កើត សមាគមសហគ្រិនស្រី្តខ្នាតតូច ខ្នាតមធ្យមនៅកម្ពុជាដែលបច្ចុប្បន្នសមាគមនេះ មានសមាជិកចំនួនប្រមាណ១៥០នាក់ ដែលប្រកបអាជីវកម្មប្រមាណ២០មុខរបរ។ ពាក់ព័ន្ធនឹងប្រធានបទខាងលើលោកជំទាវបានបញ្ជាក់ថាបច្ចុប្បន្នស្ត្រី ជាពិសេសក្មេងស្រីបានប្រឈមទៅនឹងបញ្ហាជាច្រើន ដូចជា៖ ស្ត្រីអាយុលើសពី១៥ឆ្នាំមានចំនួន៣៣% ជាអនក្ខរជន មានកម្រិតសិក្សាទាប ដែលជាឧបសគ្គក្នុងការទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈ ការងារសមរម្យ ដែលមានប្រាក់កម្រៃខ្ពស់ទាមទារនូវលក្ខខណ្ឌចំណេះដឹង និងបទពិសោធន៍ច្រើន។ ម្យ៉ាងទៀតថ្វីត្បិតតែស្ត្រីមានចំនួន៨០.៤%ចូលរួមក្នុងកម្លាំងពលកម្មសេដ្ឋកិច្ចជាតិ ទន្ទឹមនឹងនេះផងដែរក៏មាន៨២%ចូលរួមក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ចំពោះការងារមានប្រាក់កម្រៃខ្ពស់ ស្ត្រីមានតែ ២៧% ប៉ុណ្ណោះ ដែលជាម្ចាស់លើដីកសិកម្មក្នុងការជួយគ្រួសាររបស់គេឱ្យរួចផុតពីភាពក្រីក្រ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ជូនផងដែរថា តាមរបាយការណ៍អភិវឌ្ឍន៍មនុស្សពិភពលោកឆ្នាំ២០១០បានចាត់ទុកប្រទេសកម្ពុជានៅក្នុងលំដាប់ប្រទេសដែលមានការអភិវឌ្ឍន៍មនុស្សមធ្យមដោយស្ថិតក្នុងលំដាប់ទី១២៤ក្នុងចំណោម ១៦៩ប្រទេស ហើយសន្ទស្សន៍វិសមភាពយេនឌ័រ ស្ថិតក្នុងលំដាប់ទី ៩៥ក្នុងចំណោម ១៣៨ប្រទេស។ បើយោងតាមរបាយការណ៍គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ឆ្នាំ២០១០ បានបង្ហាញផងដែរថា ប្រទេសកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ឆ្ពោះទៅរកការសម្រេចបានគោលដៅអភិវឌ្ឍសហស្សវត្សរ៍។ ប៉ុន្តែទោះបីជាយ៉ាងនេះក្ដី ក៏នៅមានបញ្ហាប្រឈមផ្សេងៗជាច្រើនដែលកើតមាននៅក្នុងវិស័យអប់រំដូចជា៖ ចំនួនសិស្សស្រី និងសិស្សប្រុសនៅកម្រិតបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ និងមហាវិទ្យាល័យ នៅតែមានវិសមភាពនៅឡើយ។ គេសង្កេតឃើញថាចំនួនសិស្សស្រីថយចុះកាន់តែច្រើននៅក្នុងកម្រិតសិក្សាកាន់តែខ្ពស់។ មានហេតុផលជាច្រើន ដែលបានបង្ហាញពីការធ្លាក់ចុះអត្រានៃការមិនបានបន្តការសិក្សារបស់ក្មេងស្រីនៅកម្ពុជា ដូចជា ការខ្វះខាតមធ្យោបាយធ្វើដំណើរ អន្តេវាសិកដ្ឋានសម្រាប់សិស្សស្រីមិនទាន់គ្រប់គ្រាន់ ការចុះឈ្មោះចូលរៀនមានភាពយឺតយ៉ាវ គ្រួសារមានជីវភាពក្រីក្រ ជួយរកប្រាក់ចំណូលសម្រាប់គ្រួសារ ជួយរំលែកការងារផ្ទះសម្បែង សុវត្ថិភាពក្មេងស្រី និងប្រពៃណីដែលរារាំងមិនឱ្យក្មេងស្រីទៅរស់នៅឆ្ងាយពីគ្រួសារ។ល។
ឯកឧត្តមរដ្ឋមន្ត្រីបានអំពាវនាវដល់បងប្អូន មន្ត្រីជានារីយើងទាំងអស់គ្នាបង្កើននូវភាពជឿជាក់ និងខិតខំលើកកម្ពស់សមត្ថភាពរបស់ខ្លួនតាមគ្រប់រូបភាពដោយមិនត្រូវទម្រន់ រុញរានឹងការងារដែលកើតមាននៅចំពោះមុខឡើយ ត្រូវក្លាហានឡើងពុះពារខំប្រឹងបង្កើនសមត្ថភាពខ្លួនឲ្យអស់ពីកម្លាំងកាយចិត្តនិងសីលធម៌រស់នៅឲ្យបានថ្លៃថ្នូរ ដើម្បីចូលរួមក្នុងសង្គមជាតិជាមួយបុរសប្រកបដោយសមភាពដើម្បីកសាងជាតិមាតុភូមិកម្ពុជាឲ្យបានរុងរឿងតរៀងទៅសមស្របទៅនឹងប្រធានបទ “សមភាពនៃការអប់រំមានសារៈសំខាន់ក្នុងកិច្ចអភិវឌ្ឍន៍សង្គម” ហើយយើងមានជំនឿយ៉ាងមុតមាំថា ការចូលរួមទាំងអស់គ្នានិងនាំមកនូវសុខសន្តិភាពថ្លៃថ្នូរសុខដុមរមនានិងអភិវឌ្ឍន៍ស្របនឹងពាក្យថា “ សេដ្ឋកិច្ចផ្អែកលើពុទ្ធិ នាំមកនូវស្ថេរភាពនិងមានលក្ខណៈរស់រវើក ហើយទិដ្ឋភាពនៃសេដ្ឋកិច្ចផ្អែកលើពុទ្ធិ គឺការពង្រឹងសារៈប្រយោជន៍នៃមូលធនមនុស្សដែលមានបញ្ញាច្នៃប្រឌិត។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលទាំងឡាយដែលក្រុមការងារយេនឌ័រសម្រេចបានគួរឱ្យកោតសរសើរ ដូចក្នុងចំណាប់អារម្មណ៍ដ៏មានអត្ថន័យរបស់លោកជំទាវតំណាងក្រសួងកិច្ចការនារី និងក្នុងរបាយការណ៍របស់តំណាងនារីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសូមបន្តសកម្មភាពរបស់ខ្លួនឱ្យបានទទួលជោគជ័យ និងរស់រវើកតទៅទៀតដោយផ្អែកលើយុទ្ធសាស្ត្រចតុកោណដំណាក់ទី៣របស់រាជរដ្ឋាភិបាលអាណត្តិទី៥ ជាមូលដ្ឋានគ្រឹះ និងជាត្រីវិស័យក្នុងការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវនិងភាពប្រកួតប្រជែង។
ក្នុងមនោសញ្ចេតនាអបអរសាទរទិវានារីអន្តរជាតិ៨មីនា ខួបលើកទី១០៣ ក៏ដូចជាការលើកទឹកចិត្ត ចំពោះមន្ត្រីជានារីក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួន ដោយសម្រេចសមិទ្ធផលជាច្រើនគួរឱ្យកោតសរសើរនោះ ឯកឧត្តមរដ្ឋមន្ត្រីបានចំណាយធនធានផ្ទាល់ដើម្បីរៀបចំជាវត្ថុអនុស្សាវរីយ៍ជូនចំពោះមន្ត្រីនារី ជាតំណាងដែលអញ្ជើញមកពីគ្រប់អង្គភាពក្រោមឱវាទក្រសួងចំនួន២៥០នាក់ ហើយដែលពិធីនេះប្រប្រព្រឹត្តទៅក្នុងបរិយាកាសរីករាយ ស្និទ្ធិស្នាលនិងភារតភាពយ៉ាងក្រៃលែង។