នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Martin V’avra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆេក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការសាទរចំពោះកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ កម្ពុជា-ឆេក កន្លងមក។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញនូវជំហរនិងស្មារតីបន្តកិច្ចសហប្រតិបត្តិការ និងវិនិយោគជាមួយឆេក ពាក់ព័ន្ធនឹងការកសាងធនធានមនុស្សក្នុងវិស័យកសិកម្ម ក៏ដូចជាសក្តានុពលនៃក្នុងវិនិយោគផ្សេងៗទៀតលើវិស័យជលផល។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជាមានផលិតផលកសិកម្មដែលមានសក្តានុពលជាច្រើន ដូចជាស្វាយចន្ទី និងម្រេចជាដើម ដែលមានគុណភាពខ្ពស់ រសជាតិឆ្ងាញ់ សម្រាប់នាំចេញ។ មិនត្រឹមតែប៉ុណ្ណោះ កម្ពុជាក៏បើកទូលាយសម្រាប់ការវិនិយោគកសិកម្ម ព្រមទាំងស្វាគមន៍ចំពោះការសហការចូលរួមអភិវឌ្ឍធនធានមនុស្សនៅក្នុងវិស័យនេះផងដែរ៕