នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម យ៉ង សាំង កុមារ រួមជាមួយថ្នាក់ដឹកនាំមន្ទីរកសិកម្មខេត្តព្រះវិហារ និងមន្ត្រីកសិកម្មឃុំ បាននាំយកគ្រាប់ពូជបន្លែដែលទទួលបានពីអង្គការ Helen Keller ទៅចែកជូនប្រជាពលរដ្ឋនៅភូមិតាកឹងបៃតង ក្នុងខេត្តព្រះវិហារ ។
ក្នុងពេលជួបសំណេះសំណាល ឯកឧត្តមបណ្ឌិត បានណែនាំឱ្យមន្ទីរកសិកម្ម និងមន្ត្រីកសិកម្មឃុំ បន្តពង្រឹងការផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដល់ប្រជាកសិករ ដោយផ្តោតលើការដាំដុះបន្លែសុវត្ថិភាព ការថែទាំដំណាំ និងការអនុវត្តវិធីសាស្ត្រផលិតកម្មសមស្រប។ ការជំរុញការផលិតបន្លែសុវត្ថិភាព មិនត្រឹមតែជួយលើកកម្ពស់សុខភាពប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកពង្រឹងសន្តិសុខស្បៀង និងស្ថិរភាពជីវភាពគ្រួសារផងដែរ។
ជាមួយគ្នានេះ កសិករដែលមានបំណងបង្កើត ឬពង្រីកមុខរបរដាំបន្លែ នឹងទទួលបានការយកចិត្តទុកដាក់ និងការគាំទ្របន្ថែមពីមន្ត្រីជំនាញ ដើម្បីពង្រឹងសមត្ថភាពផលិតកម្ម និងលើកកម្ពស់គុណភាពបន្លែឱ្យស្របតាមគោលការណ៍សុវត្ថិភាព។ ការជំរុញនេះត្រូវបានចាត់ទុកថាជាកត្តាសំខាន់ក្នុងការអភិវឌ្ឍមុខរបរកសិកម្ម បង្កើនប្រាក់ចំណូល និងរួមចំណែកកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបន្ទាប់ពីទទួលរងការឈ្លានពានតាមតំបន់ព្រំដែន៕