នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការប្រមូល និងការធានាគុណភាពទិន្នន័យកសិកម្ម» ដល់មន្រ្តីកសិកម្មឃុំ សង្កាត់ ជាជនបង្គោលតាមស្រុក ខេត្តកំពង់ឆ្នាំង កំពង់ធំ បាត់ដំបង ពោធិ៍សាត់ សៀមរាប បន្ទាយមានជ័យ ប៉ៃលិន និងឧត្តរមានជ័យ នៃតំបន់ទន្លេសាប សរុបចំនួន ១៤២នាក់។
វគ្គបណ្តុះបណ្តាលនេះ រៀបចំដោយនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម នាយកដ្ឋានផែនការ និងស្ថិតិ និងនាយកដ្ឋានបរិវត្តកម្មឌីជីថល និងមានការគាំទ្រដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់(GIZ)។
ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណង ទី១.ពង្រឹងសមត្ថភាពបន្ថែមដល់ជនបង្គោលតាមបណ្តាស្រុកលើការប្រើប្រាស់ CAOs Farmbook App ទី២.បង្កើនប្រសិទ្ធភាពនៃការប្រមូល និងការធានាគុណភាពទិន្នន័យ ទី៣.ផ្តល់ការណែនាំ ការគ្រប់គ្រងទិន្នន័យអាទិភាពដែលក្រសួងត្រូវការតាមរដូវកាលនីមួយៗ និងទី៤.កំណត់លើប្រតិបត្តិការស្តង់ដារនៃតម្រូវការទិន្នន័យ៕