អគ្គនាយកដ្ឋានកសិកម្ម៖ ចាប់ពីថ្ងៃទី៥-១៧ ខែតុលា ឆ្នាំ២០២០ ប្រតិភូសវនកម្មផ្ទៃក្នុង ដឹកនាំដោយលោកស្រី ងិន សូនាថ ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង បានចុះធ្វើសវនកម្មតាមផែនការសវនកម្មផ្ទៃក្នុងឆ្នាំ២០២០ លើការិយបរិច្ឆេទឆ្នាំ២០១៩ និងបណ្តាឆ្នាំពាក់ព័ន្ធរបស់អគ្គនាយកដ្ឋានកសិកម្ម។
គោលបំណងសវនកម្មគឺវាយតម្លៃ និងធ្វើឲ្យប្រសើរឡើងនូវប្រសិទ្ធភាពនៃដំណើរការគ្រប់គ្រងហានិភ័យ ដំណើរការត្រួតពិនិត្យ និងដំណើរការអភិបាលកិច្ច ក្នុងវិសាលភាពគ្របដណ្តប់សកម្មភាពគ្រប់គ្រង និងប្រតិបត្តិការទាំងឡាយ។ ជាទូទៅការងារសវនកម្មបានផ្តោតទៅលើការបញ្ជាក់ថាប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងផ្តល់នូវការធានាសមហេតុផលមួយសំដៅសម្រេចបាននូវគោលបំណង៖ ១. ប្រតិបតិ្តការ : ការសម្រេចបានប្រកបដោយប្រសិទ្ធភាពនៃគោលបំណងធុរកិច្ច ២. ព័ត៌មាន : ភាពជឿទុកចិត្ត និងភាពពេញលេញ នៃព័ត៌មានផ្នែកហិរញ្ញវត្ថុ ដែលប្រើប្រាស់ដោយថ្នាក់ដឹកនាំ និង ៣. អនុលោមភាព : អនុលោមជាមួយច្បាប់ បទប្បញ្ញត្តិ គោលការណ៍ នីតិវិធីជាធរមាន។
ការធ្វើសវនកម្មផ្ទៃក្នុងត្រូវធ្វើការត្រួតពិនិត្យលើដំណើរការសំខាន់ៗ ដែលមានហានិភ័យដូចជាប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ការគ្រប់គ្រងហិរញ្ញវត្ថុ ការគ្រប់គ្រងទ្រព្យសម្បត្តិ្តរដ្ឋ របាយការណ៍វឌ្ឍនភាព ព្រមទាំងធ្វើការសិក្សាស្រាវជ្រាវលើសកម្មភាពថវិកា ដែលបានអនុវត្តក្នុងគោលបំណងធ្វើឱ្យកាន់តែប្រសើរឡើងនូវដំណើរការគ្រប់គ្រងហានិភ័យ ការត្រួតពិនិត្យផ្ទៃក្នុង និងអភិបាលកិច្ចល្អ។ ហានិភ័យគន្លឹះអាចរាប់បញ្ចូលនូវ៖ ១. ហានិភ័យប្រតិបតិ្តការ : ជាហានិភ័យលើការបាត់បង់ ដែលជាលទ្ធផលបរាជ័យនៃដំណើរការមនុស្ស និងប្រព័ន្ធ ឬហេតុការណ៍ពីខាងក្រៅ ២. ហានិភ័យហិរញ្ញវត្ថុ : ជាលទ្ធភាពដែលព័ត៌មានផ្នែកហិរញ្ញវត្ថុត្រូវបានរៀបចំឡើងមិនត្រឹមត្រូវ ធ្វើឲ្យការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំពុំសមស្រប និង ៣. ហានិភ័យអនុលោមភាព : ជាលទ្ធភាពដែលសកម្មភាពមិនអនុលោមតាមច្បាប់ និងបទប្បញ្ញតិ្ត។
រាល់កំហុសឆ្គង មតិឆ្លើយតប និងអនុសាសន៍ ត្រូវបានឯកភាពជាលាយលក្ខណ៍អក្សរ ដើម្បីរៀបចំរបាយការណ៍សវនកម្មជូនលោកស្រីប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុងពិនិត្យ និងសម្រេច ហើយដាក់ជូន ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សុំអនុសាសន៍បន្ថែម និងចាត់វិធានការកែលម្អ រួចផ្ញើជូនសវនដ្ឋាន ដើម្បីអនុវត្ត និងផ្ញើជូនអាជ្ញាធរសវនកម្មជាតិ ដើម្បីជូនជ្រាប។
នាពេលអនាគត នាយកដ្ឋានសវនកម្មផ្ទៃក្នុងនឹងពិនិត្យឡើងវិញលើវឌ្ឍនភាពនៃការអនុវត្តតាមអនុសាសន៍ដែលបានផ្តល់ជូនដែលជាផ្នែកមួយនៃនីតិវិធីតាមដានអនុសាសន៍សវនកម្មគ្រាមុន។