ការសម្រិតសម្រាំងពូជស្រូវ បានក្លាយជាការរំលឹក ជាចម្បងមួយសម្រាប់កសិករទាំងឡាយ នៅក្នុងប្រទេសកម្ពុជា ដើម្បីឈានទៅអនុវត្ដ បាននូវគោលនយោបាយនាំអង្ករចេញ របស់រាជរដ្ឋាភិបាលនាឆ្នាំ២០១៥។ ជាពិសេសកសិករ នៅខេត្ដគោលដៅចំនួន១០ ដែលទទួលអនុវត្ដនូវគម្រោងមួយ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
កាលពីពេលថ្មីៗនេះ ឯកឧត្ដមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងមន្ដ្រីជំនាញ មន្ដ្រីពាក់ព័ន្ធ អញ្ជើញទៅកាន់ភូមិព្រៃហួត ឃុំក្រាំងលាវ ស្រុកបាទី ដើម្បីពិនិត្យមើលការអនុវត្ដន៏គម្រោង ស្ដីពីការបង្កើនសន្ដិសុខស្បៀង សម្រាប់គ្រួសារកសិករ ដែលរងឥទ្ធិពល ដោយសាការឡើងថ្លៃស្បៀងអាហារ។ នៅឃុំក្រាំងលាវ មានប្រជាជនចំនួន១.២០០គ្រួសារ បានទទួលការជួយឧបត្ថម្ភ ពីគម្រោងនេះ ដែលក្នុងនោះមានពូជបន្លែ ពូជស្រូវ ជីគីមី សម្ភារៈកសិកម្មមួយចំនួន និងទទួលបាននូវការបណ្ដុះបណ្ដាលបច្ចេកទេសកសិកម្ម ប.វ.សផងដែរ ។
មន្ដ្រីកសិកម្ម បានបញ្ជាក់ថា គម្រោងនេះអនុវត្ដពីខែមេសា ឆ្នាំ២០១០ ដល់ខែមិថុនា ឆ្នាំ២០១១ ផ្ដោតសំខាន់ទៅលើការលើកកម្ពស់ផលិតភាពកសិកម្ម (ប.វ.ស) វារីវប្បធម៌ខ្នាតតូច អាហាររូបត្ថម្ភ ការកែសម្អប្រព័ន្ធធារាសាស្ដ្រខ្នាតតូច និងការកែលម្អក្រោយពេលប្រមូលផលរួច ។
ខណៈជួបជាមួយកសិករ និងមន្ដ្រីនៅទីនោះឯកឧត្ដមរដ្ឋមន្ដ្រី បានមានប្រសាសន៏ថា គម្រោងនេះ គឺជាការសហអនុវត្ដ ដោយក្រសួងកសិកម្ម ជាមួយសហគមន៏អ៊ឺរ៉ុប និងអង្គការហ្វាវ (FAO) ។ ក្រសួងបានចុះហត្ថលេខា លើគម្រោងនេះ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០០៩ ។ ឯកឧត្ដមបានបន្ដថា មានខេត្ដគោលដៅចំនួន១០ ស្មើនឹង២៣ស្រុក ៥០ឃុំ ២៨៧ភូមិ ដែលមានតម្លៃទឹកប្រាក់សរុប១១,២លានអឺរ៉ូ ។
ឯកឧត្ដមរដ្ឋមន្ដ្រី បានរំលឹកផង អបអរសាទរផង ចំពោះគ្រួសារ ដែលបានទទួលនូវគម្រោងនេះ។ ឯកឧត្ដមមានប្រសាសន៏ថា ពិនិត្យជារួមគម្រោងកំពុងដំណើរការបានយ៉ាងល្អ ប៉ុន្ដែអ្វីដែលសំខាន់ជាងនេះ គឺកសិករដែលបានទទួលផលពីគម្រោង ត្រូវខិតខំបន្ដទៀតដោយម្ចាស់ការលើខ្លួនឯង ទោះជាគម្រោងនោះបញ្ចប់ក៏ដោយ ។ ឯកឧត្ដមបញ្ជាក់ថា បញ្ហាសម្រិតសម្រាំងពូជស្រូវ និងបច្ចេកទេសជាបញ្ហាចម្បងមួយនៅក្នុងការកែប្រែថ្មីនេះ ។ ការយកចិត្ដទុកដាក់សម្រិតសម្រាំងពូជ ទុកដាក់ពូជស្រូវដោយខ្លួនឯង គឺចាំបាច់ដែលកសិករត្រូវយល់ដឹង ។
គួររំលឹកថា ខេត្ដគោលដៅចំនួន១០ ដែលអនុវត្ដន៏គម្រោងនេះមាន ខេត្ដ តាកែវ ព្រៃវែង ស្វាយរៀង កំពង់ស្ពឺ កំពង់ធំ សៀមរាប ព្រះវិហារ ឧត្ដរមានជ័យ បន្ទាយមានជ័យ និងខេត្ដបាត់ដំបង ។ កសិករចំនួន៥០ម៉ឺនគ្រួសារទទួលនូវគម្រោងនេះ ៕