ជប៉ុន​ចង់​សាកល្បង​ពូជស្រូវ​របស់ខ្លួន​នៅ​កម្ពុជា

ចេញ​ផ្សាយ​ ១៥ មករា ២០១៨ 4600

មន្ត្រី​សម្របសម្រួល ​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ ដំណាំ​មួយ ​នៃ​ប្រទេស​ជប៉ុន បានបង្ហាញ ​ពី​បំណង​ចង់ឱ្យមាន កិច្ចសហប្រតិបត្តិការ​ជាមួយ​ ក្រសួងកសិកម្ម ហើយ​សាកល្បង​ពូជស្រូវ​របស់​ជប៉ុន​អនុវត្ត​នៅ​កម្ពុជា។ មន្ត្រីជាន់ខ្ពស់​ ក្រសួងកសិកម្មបានទទួល​យកគំនិត​នេះ​មក​ធ្វើការ​ពិចារណា។

លោក តូ​ស៊ី​យូគី ម៉ា​អេ​ហា​រ៉ា ប្រធាន​ក្រុមហ៊ុន SOEI CORPERATION. Ltd និង​ជា​អ្នកនាំពាក្យ​នៃ​មជ្ឈមណ្ឌល PLANT GENOME នៃ​ប្រទេស​ជប៉ុន​បាន​ជម្រាប​លោក ច​ន្ទ័ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ​កាលពី​ព្រឹក​ថ្ងៃទី ១៦ ខែមីនា ថា​ក្នុងនាម​លោក​ជា​អ្នកសម្របសម្រួល​ឱ្យ​មជ្ឈមណ្ឌល PLANT GENOME ដែលជា​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ពូជស្រូវ​របស់​ប្រទេស​ជប៉ុន​នោះ លោក​មានបំណង​ចង់​ធ្វើ​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​កម្ពុជា​ក្នុងការ​សាកល្បង​ពូជស្រូវ​របស់​ប្រទេស​ជប៉ុន ដើម្បី​រួមចំណែក​ជំរុញ ​និង​លើកស្ទួយ​វិស័យ​កសិកម្ម​នៅ​កម្ពុជា ជាពិសេស​ដំណាំ​ស្រូវ។

លោក​បាន​ម​បន្ថែមទៀតថា ក្រុមហ៊ុន​របស់លោក សហការគ្នាជាមួយ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ពួជ​ស្រូវ​របស់​ជប៉ុន​អនុវត្ត​ការងារ​ស្រាវជ្រាវ និង​ពិសោធន៍​ពូជស្រូវ​ជប៉ុន​នៅ​កម្ពុជា​តាមរយៈ ការប្រើប្រាស់​កញ្ចប់​ថវិកា​របស់​ប្រទេស​ជប៉ុន​ក្រោម​ក្របខ​ណ្ឌ័ DOA មេគង្គ-ជប៉ុន​នាពេលខាងមុខ។

មន្ត្រី​ក្រសួងកសិកម្ម​បាន​ប្រាប់​រស្មី​កម្ពុជា​ថា ជំនួប​គ្នា​នៅ​ទីស្ដីការ​ក្រសួងកសិកម្ម​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពិសេស​ចំពោះ​ការយកចិត្តទុកដាក់រ​បស់​ប្រទេស​ជប៉ុន​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា។ លោក​រដ្ឋមន្ត្រី​បានទទួល​យក​នូវ​អ្វីដែល​មន្ត្រី​ជប៉ុន​បានស្នើ​ឡើង​នោះមក​ធ្វើការ ពិចារណា​ពិនិត្យ​លទ្ធភាព​ជាក់ស្ដែង​សម្រាប់​ការរួម​សហការ​ជាមួយ​ផ្នែក​ជំនាញ​របស់​កម្ពុជា។

លោក រដ្ឋមន្ត្រី​ក៏បាន​ជម្រាបជូន​ភ្ញៀវ​ផងដែរ​ពី​ពេល​កន្លងទៅ​ធ្លាប់មាន​ការសាកល្បង​ពូជស្រូវ​ជប៉ុន​លើទឹក​ដី​កម្ពុជា​ដោយ​ក្រុមហ៊ុន​វៀតណាម​ក្នុង​ខេត្ត អាង យ៉ាង ដែល​លទ្ធផល​របស់​វា​ខ្ពស់​និង​ត្រូវបាន​ក្រុមហ៊ុន​ប្រមូល​ទិញ​ទាំងអស់។

លោក​រដ្ឋមន្ត្រី​ក៏បាន​បញ្ជាក់​ផងដែរ​កម្ពុជា មាន​វិទ្យាស្ថាន​ស្រាវជ្រាវ​ពូជស្រូវ​ដែល​ធានាបាន​ពី​បច្ចេកទេស​ពិសោធន៍​ពូជ​មាន​មជ្ឍមណ្ឌល​ពិសោធន៍​ពូជ នៅតាម​ខេត្ត​មាន​សហគមន៍​អភិវឌ្ឍន៍​កសិកម្ម​នៅ​មូលដ្ឋាន​ដើម្បី​ចូលរួម​អនុវត្ត​ការងារ។

មន្ត្រី​ជប៉ុន​បាន​សម្ដែង​នូវ​ការ​ត្រេកអរ​ចំពោះ​ការឆ្លើយ​របស់លោក​រដ្ឋ​មន្ត្រី និង​ពេញចិត្ត​ចំពោះ​ការអញ្ជើញ​របស់លោករ​ដ្ឋ​មន្ត្រី ដែល​សុំឱ្យ​លោក​ទៅ​ទស្សនកិច្ច​ពិនិត្យមើល​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា៕

ព័ត៌មានផ្សេងៗទៀត
slide 5 to 7 of 12