នាថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានក្សេត្រសាស្រ្ត បានចូលរួមជាអធិបតីក្នុងកម្មវិធីបើកសិក្ខាសាលាស្តីពី "ការពង្រឹងការងារគ្រប់គ្រងថ្នាំកសិកម្មនិងជីកសិកម្ម" ដែលមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តី អគ្គនាយកដ្ឋានក្សេត្រសាស្រ្ត ថ្នាក់ដឹកនាំមន្ទីរ ប្រធានការិយាល័យ និងមន្រ្តីការិយាល័យនីតិកម្មកសិកម្មទាំង២៥រាជធានី ខេត្ត ដែលសរុបមានចំនួន100នាក់។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ១. ដើម្បីពង្រឹងសមត្ថភាពក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់មន្រ្តីអធិការកិច្ចថ្នាំកសិកម្ម និងជីកសិកម្ម លើការគ្រប់គ្រងការធ្វើពាណិជ្ជកម្មថ្នាំកសិកម្មនិងជីកសិកម្ម ការលក់ដុំលក់រាយថ្នាំកសិកម្មនិងជីកសិកម្ម តាមបណ្តាដេប៉ូក្នុងរាជធានីខេត្តទូទាំងប្រទេស។ និង២. ពិភាក្សាលើបញ្ហាប្រឈមក្នុងការអនុវត្តការងារអធិការកិច្ចនៅថ្នាក់រាជធានី ខេត្ត និងរកដំណោះស្រាយសមស្របសំដៅលើកកម្ពស់ការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម ដើម្បីធានាបានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពជូនភាគីពាក់ព័ន្ធជាពិសេសកសិករ។
ឯកឧត្តមបណ្ឌិត ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានក្សេត្រសាស្រ្ត ក៏បានលើកទឹកចិត្តដល់សមាជិក សមាជិកានៃអង្គសិក្ខាសាលាទាំងមូល ចូលរួមពិភាក្សាផ្លាស់ប្តូរយោបល់ឱ្យបានផុសផុល ដើម្បីទទួលបាននូវធាតុចូលល្អៗជាគន្លឹះក្នុងការបំពេញបន្ថែម ពង្រឹងការអនុវត្តការងារឱ្យកាន់តែមុតស្រួច ចំទិសដៅ និងឆ្លើយតបនឹងចក្ខុវិស័យក្នុងការលើកកម្ពស់ការគ្រប់គ្រងថ្នាំកសិកម្មនិងជីកសិកម្ម ដើម្បីគុណភាព សុវត្ថិភាព ការកាត់បន្ថយថ្លៃដើមផលិត និងបង្កើនប្រាក់ចំណេញសម្រាប់កសិករ។