ព្រឹកថ្ងៃអាទិត្យ ០១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០១ ខែមេសា គ.ស២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីសម្ភោធបើកការដ្ឋានសាងសង់រោងចក្រកែច្នៃដំឡូងមីលើផ្ទៃដី២០ហត របស់ក្រុមហ៊ុង Green Leader (Cambodia) Co., Ltd ដែលមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្រុកស្នួល ខេត្តក្រចេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមយឹម ឆៃលី ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សា ស្តារនិងអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ អមដោយឯកឧត្តមអភិបាលខេត្តស្តីទី ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋប្រមាណ៣០០ នាក់ ក៏បានអញ្ជើញរួមផងដែរប្រកបដោយទឹកចិត្តសោមនស្សរីករាយ។ អនុវត្តតាមគោលនយោបាយលើកទឹកចិត្ត និងជំរុញការ វិនិយោគលើវិស័យកសិកម្មរបស់រាជរដ្ឋាភិបាលដែលមាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទជាសេនាធិការបានខិតខំអំពាវនាវ ផ្សព្វផ្សាយគោលនយោបាយ សហការ និងបង្កលក្ខណៈ ងាយស្រួលដល់វិនិយោគិនទាំងក្នុងនិងក្រៅប្រទេស បំណងលើកទឹកចិត្ត ទាក់ទាញ និងបង្កើនជំនឿជឿជាក់អំពីស្ថានភាព ស្ថេរភាពនយោបាយនិងសេដ្ឋកិច្ចរបស់ប្រទេសជាតិស្ថិតក្រោមការដឹងនាំប្រកបដោយគតិ បណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ដោយយល់ច្បាស់និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល យុទ្ធសាស្រ្តអភិវឌ្ឍ ឧត្តមភាពនៃបរិយាកាសវិនិយោគ និងសក្តានុពលផលិតកម្មដំឡូងមីកម្ពុជាដែលមានផ្ទៃដីដាំដុះរហូតដល់ទៅ ៦៧៥ ពាន់ហត ទិន្នផលជាង ១៤,៨ លានតោនក្នុងឆ្នាំ២០១៧។ ហេតុផលវិជ្ជមានទាំងអស់នេះ រួមផ្សំជាមួយកត្តាអំណោយផលផ្នែកគុណភាពដី ទឹក អាកាសធាតុ និងគោលនយោបាយអនុគ្រោះលើវិស័យកសិកម្ម។ល។
ក្រុមហ៊ុន Green Leader (Cambodia) Co., Ltd គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Green Leader Holding Group Limited (Green Leader)ដែល បានចុះឈ្មោះជាសាធារណៈក្នុងក្រុមប្រឹក្សាផ្សារហ៊ុនហុងកុង បានដាក់ទុនវិនិយោគប្រមាណ២០លានដុល្លារ ដើម្បីបង្កើតរោងចក្រកែច្នៃម្សៅដំឡូងមី និងជីវឥន្ទនៈអេតាណុលទំនើបនិងធំជាងគេបង្អស់លើពិភពលោកដែល មានសក្តានុពលប្រើប្រាស់វត្ថុធាតុដើមដំឡូងមីដល់ទៅ៥០០ ពាន់តោនដើម្បីផលិតម្សៅឲ្យបាន១៣០ ពាន់តោនក្នុង១ឆ្នាំ និង២ លានតោនក្នុងរយៈពេល៥ ឆ្នាំ។ សូមបញ្ជាក់ជូនផងដែរថាតាមការស្រាវជ្រាវ របស់មជ្ឈមណ្ឌលអន្តរជាតិសម្រាប់កសិកម្មតំបន់ត្រូពិច (International Center for Tropical Agriculture, CIAT) បានឲ្យដឹងថាបច្ចប្បន្នកម្ពុជា ជាប្រទេសផលិត ដំឡូងមីលំដាប់ទី៨លើពិភពលោក និងលំដាប់ទី៤ ក្នុងតំបន់អាស៊ីអាគ្នេយ៍។ ដោយឃើញយ៉ាងច្បាស់ពីសក្តានុពលដ៏ធំធេងនេះ ក្រុមហ៊ុនបានចុះអនុស្សារណៈនៃការយោគយល់គ្នា(MOU) ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់និង នេសាទ កាលពីថ្ងៃទី២៩ ខែមករាកន្លងមក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបយឹម ឆៃលី ក្នុងគោលបំណងបង្កើតរោងចក្រស្រូបយកផលិតផលរួចកែច្នៃនាំចេញ។
តាមការបញ្ជាក់របស់លោក Zhan Sanhuo ប្រធានក្រុមប្រឹក្សាភិបាលបានឲ្យដឹងថាក្នុងអំឡុងពេល ៥ឆ្នាំខាងមុខ ក្រុមហ៊ុននឹងសាងសងរោងចក្រឲ្យបាន២០ ក្នុងខេត្តដែលមានសក្តានុពលផលិតដំឡូងមីដើម្បីព្យាយាមកាត់បន្ថយការនាំចេញវត្ថុធាតុដើមនេះទៅប្រទេសជិតខាង រួចក្រុមហ៊ុននឹងធ្វើការដាំដុះលើផ្ទៃដី០១ ម៉ឺនហត បន្ថែមទៀតសម្រាប់បំពេញបង្គប់តម្រូវការរោងចក្រ ក្រៅពីនេះក្រុមហ៊ុននឹងអនុវត្តកសិកម្មតាមកិច្ចសន្យា(Contract farming) ជាមួយដៃគូផលិត ដោយផ្តល់ជាទុន ពូជ ជី និងបច្ចេកទេសដាំដុះ។
រោងចក្រនេះនឹងប្រើបច្ចេកវិទ្យាទាន់សម័យបំផុតដើម្បីកែច្នៃម្សៅដំឡូងឲ្យមានគុណភាពកម្រិត ស្តង់ដារអន្តរជាតិ។ យោងលើអំណះអំណាងនេះ ប្រជាពលរដ្ឋ និងក្រុមហ៊ុនក្នុងស្រុកសង្ឃឹមនិងជឿជាក់ថាបញ្ហាផលិតផលដំឡូងមីគ្មានទីផ្សារនៅទូទាំងខេត្តត្បូងឃ្មុំ កំពង់ចាមនិងក្រចេះ នឹងត្រូវបានដោះស្រាយយ៉ាងមានប្រសិទ្ធភាព ពិសេសតម្លៃនឹងត្រូវបានធានាផងដែរ។