ភាពរាំងស្ងួត ខ្យល់ព្យុះ និងជំនន់ទឹកភ្លៀង ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ បានប៉ះទង្គិចយ៉ាងខ្លាំង មកលើវិស័យកសិកម្ម និងប្រាក់ចំណូលរបស់ប្រជាកសិករ នៅកម្ពុជាដែលទាមទារ ឲ្យមានការរៀបចំ នូវផែនការសកម្មភាព ឆ្លើយតបជាបន្ទាន់ ដើម្បើទប់ទល់ និងបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុនេះ។
ក្រុមអ្នកជំនាញ បានអះអាងថា ការប្រែប្រួលអាកាសធាតុ ជាលទ្ធផលនៃការកើនសីតុណ្ហភាព លើភពផែនដី ដែលបណ្តាលមកពីការបំភាយហួសប្រមាណ នូវឧស្ម័នផ្ទះកញ្ចក់។
បើសីតុណ្ហភាពកាន់តែកើនឡើង ប្រាក់ចំណូលរបស់ប្រជាកសិករកាន់តែថយចុះ នេះជាប្រសាសន៌ របស់ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានថ្លែងកាលពីម្សិលមិញ នៅវិទ្យាល័យភូមិន្ទកសិកម្មចំការដូង ក្នុងសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយ ផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ លើវិស័យកសិកម្ម និងការរៀបចំផែនការសកម្មភាព ដើម្បើឆ្លើយតប ដែលមានអ្នកចូលរួមប្រមាណជាង១០០០នាក់។
ឯកឧត្តម រដ្ឋមន្ត្រីមានប្រសាសន៌ថា សីតុណ្ហភាពនាពេលបច្ចុប្បន្ន បានកើនឡើង០,៨អង្សា បើប្រៀបធៀបនិងឆ្នាំ១៩៦០ ហើយវានឹងបន្តកើនឡើង ចន្លោះពី០,៣អង្សា ទៅ០,៦អង្សា នៅឆ្នាំ២០២៥ ហើយដែលនឹងប៉ះពាល់ជាអវិជ្ជមាន កាន់តែខ្លាំងឡើង ដល់ប្រភពទឹក និងគុណភាពហើយជះឥទិ្ធពលអាក្រក់ ដល់ជីវិតសត្វ និងជីវចម្រុះព្រមទាំងប្រព័ន្ធអេកូឡូស៊ី ដែលមាននៅលើភពផែនដីទាំងមូល។
ឯកឧត្តម រដ្ឋមន្ត្រី ក៏គូសបញ្ជាក់ថាផលប៉ះពាល់ ជាអវជ្ជាមានមកលើវិស័យកសិកម្ម គឺមិនមែនបណ្តាលមកពីការប្រែប្រួលអាកាសធាតុទាំងស្រុងទេ ប៉ុន្តែការអភិវឌ្ឍន៍លើវិស័យមួយចំនួន ក៏អាចប៉ះទង្គិចជាអវិជ្ជមានផងដែរ មកលើវិស័យកសិកម្ម ក្នុងនោះការកសាងទំនប់វារីអគ្គីសនី ក៏ជាផ្នែកមួយផងដែរ។
នៅក្នុងឱកាសនោះដែរ លោក សូ ណាម ប្រធានវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផលភ្នំពេញ បានបញ្ជាក់ថាបន្ថែម នៅក្នុងបទបង្ហាញរបស់លោថា ការកសាងទំនប់វារីអគ្គីសនី និងធារាសាស្ត្រ ការនេសាទហួសប្រមាណ និងកត្តាម៉ាក្រូសេដ្ឋកិច្ច គឺជាសកម្មភាពផ្តល់ផលប៉ះពាល់ ជាអវិជ្ជមានលើធនធានជលផល ងាយស្រួលកើតឡើង និងមើលឃើញភា្លមៗ ជាងផលប៉ះពាល់បណ្តាលមកពីការប្រែប្រួលធអាកាសធាតុ។
លោកបានអំពាំវនាវគ្រប់ស្ថាប័នពាក់ព័ន្ធផ្សេងៗ មួយចំនួនជួយគិតគូរដល់ហេតុប៉ះពាល់ លើធនធានជលផល នៅពេលដែលធ្វើការរៀបចំ នូវផែនការយុទ្ធសាស្ត្រសម្រាប់បន្សាំ នឹងការប្រែប្រួលអាកាសធាតុលើវិស័យផ្សេង។
ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៌ថា ខ្ញុំមានជំនឿថារាជរដ្ឋាភិបាលកម្ពុជា នាពេលបច្ចុប្បន្ននឹងមិនរឹងស្តូក ចំពោះតែពីការអភិវឌ្ឍន៍ ហើយមិនគិតដល់ការអភិរក្សនោះទេ ហើយក៏មិនរឹងស្តូក គិតតែពីអភិរក្សដោយមិនគិតពីការអភិវឌ្ឍន៍នោះដែរ។
ឯកឧត្តម រដ្ឋមន្ត្រីជំរុញដល់មន្ត្រី និងក្រុមជំនាញការបច្ចេកទេស របស់ឯកឧត្តម រដ្ឋមន្ត្រីប្រញាប់រៀបចំផែនការសកម្មភាព ឆ្លើយតបជាបន្ទាន់ដូចជាការគ្រប់គ្រងសន្សំសំចៃទឹក ការដាំដុះព្រៃឈើការចិញឹ្ចមសត្វ វារីវប្បកម្ម និងការផលិតគ្រាប់ពូជ ដែលអាចបន្សាំទៅនឹង ការប្រែប្រួលអាកាសធាតុ ដើម្បើផ្តល់ជូនប្រជាកសិករធ្វើយ៉ាងណាធានា ឲ្យបាននូវនិរន្តរភាព សន្តិសុខស្បៀងនិងផលស្តុកព្រមទាំងកំណើនសេដ្ឋកិច្ចជាតិ និងប្រាក់ចំណូលព្រជាពលរដ្ឋ៕