នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ ចាន់ ចេស្តា ប្រធានគណៈកម្មាធិការតម្រង់ទិសគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC) បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពហេដ្ឋារចនាសម្ព័ន្ធ នៅសហគមន៍កសិកម្មសាមគ្គីត្រពាំងក្រឡាញ់ ខេត្តតាកែវ ដែលទទួលបានការគាំទ្រដោយគម្រោង (CFAVC) ជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដឹកនាំដោយ លោក ហែម ចាន់ធូ និងសហការី។
ដំណើរចុះពិនិត្យនេះ ក៏មានការចូលរួមអមដំណើរពី ឯកឧត្តមអនុរដ្ឋលេខាធិការ សៀក ឡេង នាយកគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន លោក កើត កិត្តិនាថ ប្រធានគ្រប់គ្រងគម្រោង (CFAVC/MAFF) លោក អ៊ិន ចាន់រតនៈ ប្រធានគ្រប់គ្រងគម្រោង (CFAVC/MRD) លោក តាន់ ណារ៉េន ប្រធានការិយាល័យគ្រប់គ្រងសហគមន៍កសិករប្រើប្រាស់ទឹក និងសហការី ពីក្រសួងធនធានទឹក និងឧតុនិយម លោក ញ៉ិប ស៊្រន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ មន្ត្រីជំនាញ ទីប្រឹក្សាគម្រោង អាជ្ញាធរមូលដ្ឋាន មន្រ្តីកសិកម្មឃុំ ព្រមទាំងសមាជិក សមាជិកា សហគមន៍កសិកម្មសាមគ្គីត្រពាំងក្រឡាញ់។
បេសកកម្មនេះរៀបចំឡើងក្នុងគោលបំណងចុះពិនិត្យទីតាំងជាក់ស្តែង លើហេដ្ឋារចនាសម្ព័ន្ធ ដែលទទួលបានគាំទ្រដោយគម្រោង(CFAVC) រួមមាន៖ ផ្លូវលំធ្វើដំណើរនៅទីជនបទ ឃ្លាំងស្ដុកកសិផល ស្រះស្តុកទឹកភ្លៀង ដែលរួមចំណែកគាំទ្រជីវភាពសមាជិកសហគមន៍ និងលើកកម្ពស់ខ្សែច្រវាក់ផលិតកម្មកសិកម្ម ស្របតាមបរិបទនៃការប្រែប្រួលអាកាសធាតុ៕