នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ទទួលបន្ទុកការងារអភិរក្សធនធានជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាបញ្ចប់គម្រោង «ការពង្រឹង តំបន់ការពារសមុទ្រ អភិបាលកិច្ចជលផល និងជីវភាពសហគមន៍តំបន់ឆ្នេរ នៅកម្ពុជា» នៅសណ្ឋាគារកាបូឌីយ៉ាណា រាជធានីភ្នំពេញ។
សិក្ខាសាលាដែលរៀបចំដោយអង្គការសត្វព្រៃ និងរុក្ខជាតិ (FFI)នេះ មានការ ចូលរួមពី លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល នៃអគ្គនាយក ដ្ឋានជលផល លោក ស៊ុយ ធា ប្រធាននាយកដ្ឋានអភិរក្សតំបន់ឆ្នេរ និងសមុទ្រ នៃក្រសួងបរិស្ថាន លោកបណ្ឌិត ហម ច័ន្ទដេត នាយកប្រចាំប្រទេស នៃអង្គការ សត្វព្រៃ និងរុក្ខជាតិប្រចាំកម្ពុជា ព្រមទាំងតំណាងអង្គការដៃគូ សហគមន៍ នេសាទ សហគមន៍តំបន់ការពារជាច្រើនរូបទៀត។
ថ្លែងទៅកាន់អង្គសិក្ខាសាលា លោកជំទាវ អ៊ឹម រចនា បានវាយតម្លៃខ្ពស់ចំពោះ កិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួង បរិស្ថាន ជាមួយអង្គការសត្វព្រៃនិងរុក្ខជាតិ (FFI) និងអាជ្ញាធរក្នុងខេត្តជាប់ឆ្នេរទាំង៤ រួមមាន៖ កោះកុង ព្រះសីហនុ កំពត និងកែប ដែលបានរួមគ្នាអនុវត្តគម្រោងរយៈពេល ៥ឆ្នាំកន្លងមក។ កិច្ចខិតខំប្រឹងប្រែងនេះរួមមាន៖ ការពង្រឹងបណ្តាញតំបន់ការពារសមុទ្រ ការរៀបចំផែនការគ្រប់គ្រង ការកសាងសមត្ថភាពមន្ត្រី និងការបង្កើតជម្រើសជីវភាពដែលមាននិរន្តរភាព និងភាពធន់សម្រាប់ប្រជាសហគមន៍។
បើតាមលោកជំទាវ អ៊ឹម រចនា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈអគ្គនាយកដ្ឋានជលផល តែងតែចាត់ទុកភាពជាដៃគូជាមួយស្ថាប័នពាក់ព័ន្ធ និងសហគមន៍មូលដ្ឋាន ជាកត្តាគន្លឹះក្នុងការធានាឱ្យការគ្រប់គ្រងធនធានជលផលមាននិរន្តរភាព។ ការគ្រប់គ្រង និងអភិរក្សប្រកបដោយប្រសិទ្ធភាព ទាមទារឱ្យមានការចូលរួមប្រកបដោយការទទួលខុសត្រូវពីគ្រប់ភាគី រាប់ចាប់ពីរាជរដ្ឋាភិបាល អាជ្ញាធរថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល រហូតដល់សហគមន៍មូលដ្ឋាន។ លោកជំទាវបានសម្តែងនូវក្តីសង្ឃឹមថា ស្មារតីនៃភាពជាដៃគូដែលបានកសាងឡើង នឹងក្លាយជាគ្រឹះដ៏រឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការបន្តទៀត ដើម្បីគ្រប់គ្រង ការពារ និងអភិរក្សធនធានជលផលសមុទ្ររបស់កម្ពុជា សម្រាប់ប្រជាជននាពេលបច្ចុប្បន្នផង និងសម្រាប់កូនចៅជំនាន់ក្រោយផង៕