នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការ និងជាសហប្រធានគណៈកម្មការតម្រង់ទិសគម្រោង «គុជ» តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ និងទទួលផ្ទះសំណាញ់ចំនួន៨៩ខ្នង ជូនសហគមន៍កសិកម្មចំនួន១៣ ក្នុងខេត្តសៀមរាប ដោយមានការចូលរួមពី លោកស្រី Rebekah Bell តំណាងអង្គការ FAO ប្រចាំកម្ពុជា តំណាងក្រសួងបរិស្ថាន ថ្នាក់ដឹកនាំមន្ទីរកសិកម្ម មន្ត្រីគម្រោង និងតំណាងសហគមន៍ធ្វើឡើងនៅសហគមន៍កសិកម្មទំនើបសសី ក្នុងខេត្តសៀមរាប។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ បានបញ្ជាក់ថា ការផ្តល់ផ្ទះសំណាញ់នេះ គឺជាការគាំទ្រដ៏សំខាន់ក្នុងការជំរុញផលិតកម្មបន្លែសុវត្ថិភាព បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពកសិករ។ ឯកឧត្តមបានណែនាំឱ្យសហគមន៍គ្រប់គ្រង និងប្រើប្រាស់ផ្ទះសំណាញ់ឱ្យមានប្រសិទ្ធភាព អនុវត្តបច្ចេកទេសដាំដុះល្អ និងពង្រឹងសាមគ្គីភាព ដើម្បីធានានិរន្តរភាពផលិតកម្ម។
ឯកឧត្តមក៏បានលើកឡើងពីសក្តានុពលរបស់ខេត្តសៀមរាបក្នុងការផលិតបន្លែសុវត្ថិភាព សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារ ជាពិសេសវិស័យទេសចរណ៍ ដោយជំរុញឱ្យសហគមន៍ មន្ត្រីកសិកម្មឃុំ និងអាជ្ញាធរមូលដ្ឋាន បង្កើនកិច្ចសហការដើម្បីលើកកម្ពស់គុណភាពផលិតផល និងបង្កើតឱកាសសេដ្ឋកិច្ចជូនប្រជាកសិករ។
សូមជម្រាបថា ការគាំទ្រនេះជាផ្នែកមួយនៃគម្រោង PEARL ដែលទទួលបានហិរញ្ញប្បទានពីមូលនិធិអាកាសធាតុបៃតង និងអនុវត្តដោយក្រសួងកសិកម្ម ក្រសួងបរិស្ថាន និងអង្គការ FAO នៅខេត្តគោលដៅចំនួន៤ គឺកំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ និងសៀមរាប ក្នុងគោលបំណងពង្រឹងភាពធន់នៃវិស័យកសិកម្ម និងជំរុញការអភិវឌ្ឍផលិតកម្មបន្លែសុវត្ថិភាព៕