នាល្ងាចថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមកម្មវិធីសម្ពោធពិព័ររូបថតអំពី«សត្វផ្សោតទន្លេមេគង្គកម្ពុជា» ជាមួយអង្គការមូនិធិសកលសម្រាប់អភិរក្សធម្មជាតិ (WWF) នៅវិទ្យាស្ថានភាសាបារាំង ។
ក្នុងកម្មវិធីសម្ពោធពិព័រណ៍រូបថតអំពី«សត្វផ្សោតទន្លេមេគង្គកម្ពុជា» ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានថ្លែងថា សត្វផ្សោត សព្វថ្ងៃនេះ ត្រូវការ និងទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធដើម្បីរួមចំណែកការពារ និងអភិរក្សសត្វផ្សោត ឱ្យបានគង់វង្ស និងធ្វើយ៉ាងណាជំរុញឱ្យមានចំនួនកើនឡើង ដើម្បីទុកជារតនសម្បត្តិធម្មជាតិ។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអំពាវនាវទៅកាន់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរជុំវិញទន្លេ មិនត្រូវនេសាទខុសច្បាប់ តាមរយៈការប្រើសន្ទូចរនង ដែលនាំឱ្យប៉ះពាល់ដល់អាយុជីវិតផ្សោត ពីព្រោះសត្វផ្សោត នាំមកនូវអត្ថប្រយោជន៍ជាច្រើន ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍មូលដ្ឋានជាដើម។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តសាធារណជនចូលរួមទប់ស្កាត់ និងរាយការណ៍ព័ត៌មាន នៅពេលបានជួប និងឃើញបទល្មើសនេសាទខុសច្បាប់កើតឡើងមានឡើងនៅតំបន់អភិរក្សសត្វផ្សោត ខណៈបញ្ហាសត្វផ្សោត កាន់តែត្រូវបានយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងដៃគូពាក់ព័ន្ធ ដើម្បីរួមគ្នាថែរក្សាទុកជារតនសម្បត្តិធម្មជាតិ ដល់កូនចៅគ្រប់ជំនាន់ឱ្យបានស្គាល់៕