នៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះដែរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសមជាមួយក្រុមហ៊ុន KOMATSU នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ចំពោះចេតនាចង់មានកិច្ចសហការក្នុងការចូលរួមអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឱ្យមានភាពរីកចម្រើន។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ស្ថានភាពវិស័យកសិកម្មកម្ពុជា គឺមិនមានបញ្ហាក្នុងការផលិត (Upstream) នោះទេ តែកម្ពុជាកំពុងយកចិត្តទុកដាក់ក្នុងការបោះជំហានធ្វើឱ្យប្រសើរឡើងលើកែច្នៃផលិតផលកសិកម្ម (Downstream) សម្រាប់ការនាំចេញតាមស្តង់ដាគោលនយោបាយ ដើម្បីទទួលបានតម្លៃបន្ថែមលើផលិតផល និងប្រាក់ចំណេញ។
បើតាម ឯកឧត្តមរដ្ឋមន្រ្តី ដៃគូអភិវឌ្ឍត្រូវធ្វើការសិក្សាឱ្យបានច្បាស់លាស់ និងប្រើប្រាស់ថវិកាឱ្យចំទិសដៅស្របតាមគោលនយោបាយរបស់ក្រសួង ដើម្បីមានការគាំទ្រ សហការ និងផ្តល់ប្រយោជន៍ដល់កសិករ ប្រកបដោយប្រសិទ្ធភាព និងមាននិរន្តរភាពពិតប្រាកដ។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា គោលនយោបាយវិស័យកសិកម្មថ្មី កំពុងផ្តោតយកចិត្តទុកដាក់ជំរុញសហគមន៍កសិកម្មគម្រូថ្មី បន្ទាប់ពីបានចាប់ផ្តើម និងបន្តការដាក់ពង្រាយមន្ត្រីផ្សព្វផ្សាយកសិម្មឃុំ ដើម្បីផ្ដល់ការគាំទ្រដល់កសិករក្នុងដាំដុះកសិផលសម្រាប់ទីផ្សារក្នុងទ្រង់ទ្រាយធំ (Scale Economy)។
ភាគីទាំងពីរបានលើកឡើងអំពីការបន្តកិច្ចសហការបន្ថែមទៀត ហើយភាគីក្រុមហ៊ុននឹងធ្វើការសិក្សាឱ្យបានច្បាស់លាស់ ដើម្បីឱ្យការវិនិយោគចំទិសដៅ ឆ្លើយតបនឹងតម្រូវការពិតប្រាកដ៕