នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នំា២០២៦ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការទទួលបន្ទុកការងារឌីជីថលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សា និងតាមដានវឌ្ឍនភាពក្នុងការភ្ជាប់ប្រព័ន្ធ NRMIS ជាមួយនឹងប្រព័ន្ធអេឡិចត្រូនិកសម្រាប់ធុរកិច្ចរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការកត់ត្រា និងបែងចែកចំណូលពីការស្នើសុំសេវាចុះបញ្ជិកាវិញ្ញាបនបត្រ ឬលិខិតអនុញ្ញាតផ្សេងៗសម្រាប់សេវាសាធារណៈរបស់ក្រសួង។
កិច្ចប្រជុំនេះ មានការចូលរួមពីតំណាងក្រុមការងារពាក់ព័ន្ធរួមមាន ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានបរិវត្តកម្មឌីជីថល ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម និងនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម តំណាងនាយកដ្ឋានគណនេយ្យ ហិរញ្ញវត្ថុ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ តំណាងនាយកដ្ឋានចំណូលនៃអគ្គនាយកដ្ឋានរតនាគារជាតិ និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងក្រុមការងារអភិវឌ្ឍន៍ប្រព័ន្ធនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ"។
សូមបញ្ជាក់ផងដែរថា ប្រព័ន្ធស្នើសុំចុះបញ្ជិកាវិញ្ញាបនបត្រ ឬលិខិតអនុញ្ញាតផ្សេងៗ សម្រាប់សេវាចុះបញ្ជីជី-ថ្នាំកសិកម្ម គ្រោងនឹងដាក់ឱ្យដំណើរការសាកល្បងនៅដើមខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ៕