នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ចំពោះបទល្មើសនឹងច្បាប់ស្តីពីជលផល នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ថ្លែងក្នុងពិធីបិទសិក្ខាសាលា ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានលើកឡើងពីការកើនឡើងនៃផលនេសាទទូទាំងប្រទេសកន្លងមកនេះហើយសមិទ្ធផលដ៏ត្រចះត្រចង់នេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ គឺចេញពីគោលនយោបាយ យុទ្ធសាស្រ្ត ទស្សនៈវិស័យ និងការប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់របស់រាជរដ្ឋាភិបាល ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គនាយកដ្ឋានជលផល ជាអង្គភាពប្រតិបត្តិ រួមជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍ ព្រមទាំងមានការចូលរួមរបស់បងប្អូនប្រជានេសាទ សហគមន៍ផងដែរ។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានគូសបញ្ជាក់ថាអង្គសិក្ខាសាលានេះ គឺជាធាតុចូលបន្ថែមសម្រាប់ពង្រឹងការអនុវត្តច្បាប់កាន់តែមានប្រសិទ្ធភាព ជាពិសេសការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍធនធានជលផល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ហើយសិក្ខាសាលាថ្ងៃនេះបានពិភាក្សាយ៉ាងផុលផុស ឈ្វេងយល់កាន់តែច្បាស់ និងបន្តចូលរួមសហការជួយផ្សព្វផ្សាយ ដើម្បីរួមគ្នាការពារធនធានជលផលឱ្យកើនឡើងច្រើនបន្ថែមទៀត សម្រាប់កូនចៅជំនាន់ក្រោយៗ៕