នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥ ខេត្តបន្ទាយមានជ័យ។
នាឱកាសនៃជំនួប ឯកឧត្តមរដ្ឋមន្ដ្រី បានសម្តែងនូវក្តីសប្បាយរីករាយ និងមានមោទកភាពចំពោះសិស្សានុសិស្សដែលបានខិតខំប្រលងបាននិទ្ទេស A បានដោយជោគជ័យចំនួន ១២៦នាក់ដែលជាលទ្ធផលល្អសម្រាប់គ្រួសារ មុខមាត់ខេត្តបន្ទាយមានជ័យ និងសង្គមជាតិ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ដ្រី បានផ្តល់អនុសាសន៍ណែនាំដល់សិស្សជ័យលាភីទាំងអស់គិតគូរឱ្យបានច្បាស់លាស់ពីជំហានបន្ទាប់ ដោយត្រូវរើសជំនាញដែលខ្លួនស្រលាញ់ពេញចិត្ត និងខិតខំរៀនសូត្រ ដើម្បីក្លាយខ្លួនជាធនធានមនុស្សពិតប្រាកដសម្រាប់គ្រួសារ និងសង្គមជាតិ។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ដ្រី បានប្រគល់ជូននូវរង្វាន់កុំព្យូទ័របន្ទះ(Tablet) ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដល់សិស្សនិទ្ទេស A និងលេីកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ អាណាព្យាបាលទាំងអស់ បន្តខិតខំបង្ហាត់បង្រៀន យកចិត្តទុកដាក់ និងកសាងធនធានមនុស្សបន្ថែមសម្រាប់សង្គមជាតិ៕