កម្មវិធីទី២៖
ចេញពីកសិដ្ឋាន ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលខេត្ត បានអញ្ជើញមកមើលការចិញ្ចឹម មាន់ស្រែជាលក្ខណគ្រួសារ របស់លោក អាង សុផា និងភរិយា សៀង សុខុម (លេខទំនាក់ទំនង ០៩៦៧៧៥៣២៨៧ ០៦៨៥២៩៥១២) អតីតជាពលករនៅប្រទេសកូរ៉េទាំងពីរនាក់ នៅភូមិចំការចេក ឃុំពងទឹក។ គាត់គឺជាមន្រ្តីបម្រើការនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។ ដោយទទួលបានការជួយគាំទ្រ និងឧបត្ថម្ភពីគម្រោងកម្មវិធីជំរុញកំណើនវិស័យកសិកម្ម ប្រកបដោយចីរភាព បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុលើអនុវិស័យវារីវប្បកម្ម និងផលិតកម្មសត្វ នៅឆ្នាំ២០១៧។ ដំបូងចាប់ផ្តើមចិញ្ចឹមត្រឹមមេមាន់ ២៨ ឈ្មោល ៤ក្បាល ជាបណ្តើរៗគ្រួសារនេះបានវិវឌ្ឍន៍រីកចម្រើនយ៉ាងលឿងលើផលិតកម្មមាន់ (ភ្ញាស់កូនលក់ និងចិញ្ចឹមមាន់បំប៉នយកសាច់)។ បច្ចុប្បន្នមានមេយកស៊ុតចំនួន ៣០០មេ ក្នុងមួយថ្ងៃអាចភ្ញាស់កូនមាន់បាន ៧-៨០០ក្បាល ដោយប្រើទូភ្ញាស់ ២ និងមានម៉ាស៊ីនលាយចំណីមាន់។ គាត់បានសហការជាមួយដៃគូដែលទិញកូនមាន់គាត់ ដោយប្រមូលទិញមកវិញជាមាន់ជំទង់ រួចធ្វើការចិញ្ចឹមបំប៉នយកសាច់ផ្គត់ផ្គង់ឲ្យទីផ្សារ។ កូនមាន់លក់តម្លៃ ៤-៥០០០រ/ក្បាល (អាយុមួយសប្តាហ៍) មាន់សាច់លក់តម្លៃ ១២ ០០០-១៥ ០០០រ/គ.ក្រ (មាន់រស់)។ ចំណូលប្រចាំខែជាមធ្យមពី ១ ០០០ -១២ ០០ដុល្លារ។ អនាគតគ្រោងពង្រីកអាជីវកម្មចិញ្ចឹមមាន់នេះបន្ថែមទៀត ដើម្បីឆ្លើយតបតាមត្រូវការកូនមាន់ និងមាន់សាច់នៅលើទីផ្សារនាពេលបច្ចុប្បន្ន។
ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលខេត្តបានកោតសរសើរ និងវាយតម្លៃលើការខិតខំប្រឹង ប្រែងរបស់មន្រ្តីកសិកម្មលោក អាង សុផា ដែលបានឆ្លៀតពេលទំនេរចុងសប្តាហ៍មកជួយជម្រុញផលិតកម្មមាន់ដើម្បីធានាសន្តិសុខស្បៀង ការផ្គត់ផ្គង់ទីផ្សារ ការបង្កើតឱកាសការងារបន្ថែមឲ្យខ្លួនឯងតាមរយ:ការចិញ្ចឹមមាន់ ជាលក្ខណគ្រួសារក្នុងក្របខណ្ឌបច្ចេកទេសសមស្រប សាមញ្ញ ប្រើប្រាស់រយៈពេលខ្លី ចំណាយដើមទុនតិច ទទួលបានផលច្រើន រក្សាបាននូវស្ថានភាពជីវភាពប្រក្រតីតាមគន្លងថ្មីក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩។ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវទឹកចិត្តចូលរួមអបអរសាទរ និងលើកទឹកចិត្តឲ្យខិតខំពង្រីកអាជីវកម្មនេះបន្ថែមទៀត នាពេលអនាគតដើម្បីសេដ្ឋកិច្ចគ្រួសារ។