នៅថ្ងៃទី ២៤ ខែមករាឆ្នាំ ២០២៤ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន ឆ្នាំ ២០២៣ និងលើកទិសដៅបន្តឆ្នាំ២០២៤។
ក្នុងពិធីនោះ ឯកឧត្តម គី ច័ន្ទរំដួល បានកោតសរសើរពីលទ្ធផលការងារកសិកម្មឆ្នាំ២០២៣ នៃខេត្តប៉ៃលិន តាមរយៈកិច្ចខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចយ៉ាងម៉ត់ចត់ ពីសំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ ប្រកបដោយអភិបាលកិច្ចល្អ បង្ហាញពីការទទួលខុសត្រូវខ្ពស់ ។
ឯកឧត្តមបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ ផ្ដល់ការយកចិត្តទុកដាក់ខ្ពស់លើវិស័យកសិកម្ម និងបានដាក់បញ្ចូលវិស័យកសិកម្ម នៅក្នុងគោលនយោបាយអាទិភាពទី៥ និងទី៦ គឺការរក្សាលំនឹងថ្លៃកសិផល ការពង្រាយមន្រ្តីកសិកម្មឃុំ និងការពង្រឹងសហគមន៌កសិកម្មបែបទំនើប។
សម្រាប់ឆ្នាំ២០២៤នេះ ឯកឧត្តមបានណែនាំដល់មន្រ្តីទាំងអស់ អនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួនឱ្យបាន ១០០% ចំពោះផែនការសកម្មភាពការងារដែលបានកំណត់ និងភារកិច្ចផ្សេងៗទៀតដែលថ្នាក់លើបានប្រគល់ជូន។
បន្ថែមពីនេះ អនុប្រធាន និងមន្រ្តីជំនាញ ត្រូវយកចិត្តទុកដាក់ បំពេញភារកិច្ចនិងសហការ ជាមួយរដ្ឋបាលខេត្ត និងស្ថាប័នផ្សេងៗ ជួយពង្រឹងអភិបាលកិច្ចឱ្យបានល្អ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ស្របទៅនឹងទិសដៅរបស់រាជរដ្ឋាភិបាល៕