នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យមើលដំណាំស្វាយចន្ទីរបស់ក្រុមហ៊ុនសុភ័ណ្ឌធារី ដែលឋិតនៅភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ដើម្បីស្វែងយល់អំពីវឌ្ឍនភាព និងជំរុញការដាំដំណាំដ៏មានសក្តានុពលសម្រាប់ការនាំចេញរបស់កម្ពុជាមួយនេះ ឱ្យស្របតាមគោលនយោបាយប្រែក្លាយកម្ពុជា ជាប្រទេសអធិរាជស្វាយចន្ទីរបស់រាជរដ្ឋាភិបាល។
ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្រ្តីបានលើកទឹកចិត្តដល់ម្ចាស់ក្រុមហ៊ុនរិះរកវិធីកាត់បន្ថយថ្លៃដើមក្នុងការកែច្នៃគ្រាប់ស្វាយចន្ទី និងស្វែងយល់ពីបញ្ហាប្រឈមផ្សេងៗរបស់ម្ចាស់ដំណាំពាក់ព័ន្ធគុណភាពដី ការប្រឈមបម្រែបម្រួលអាកាសធាតុ ការយាយីពីសត្វល្អិតចង្រៃ និងជំងឺផ្សេងៗជាដើម ដើម្បីស្វែងរកដំណោះស្រាយសមស្របណាមួយ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ឌិត ទីណា បានកោតសរសើរចំពោះគំនិតច្នៃប្រឌិតបង្កើតឧបករណ៍បកសម្បកគ្រាប់ស្វាយចន្ទីរបស់បុគ្គលិកក្រុមហ៊ុន ដែលចំណាយថវិកាក្នុងការកែច្នៃតិច ប៉ុន្តែផ្តល់ភាពងាយស្រួល រហ័ស និងប្រសិទ្ធភាពខ្ពស់ បើធៀបនឹងឧបករណ៍ដែលម្ចាស់ដំណាំស្វាយចន្ទីដទៃបានបញ្ជាទិញពីប្រទេសជិតខាង។ បន្ថែមពីលើនេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យម្ចាស់កសិដ្ឋានរកគំនិតកែច្នៃឧបករណ៍នេះបន្ថែមទៀតដើម្បីចែកចាយលើទីផ្សារ និងអាចដាក់ពាក្យស្នើសុំភ្ជាប់អគ្គិសនីកសិកម្មពេលយប់ តម្លៃ៤៨០រៀលក្នុងមួយគីឡូវ៉ាត់ ដែលជាគោលនយោបាយថ្មីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីរួមចំណែកក្នុងការជំរុញការអភិវឌ្ឍវិស័យកសិកម្ម និងជួយកាត់បន្ថយការចំណាយថ្លៃលើថាមពលសម្រាប់បម្រើដល់វិស័យកសិកម្ម។
បច្ចុប្បន្ន ក្រុមហ៊ុនសុភ័ណ្ឌធារី បានសម្រេចអនុវត្តន៍គម្រោងវិនិយោគលើដំណាំស្វាយចន្ទីលើផ្ទៃដីជាង១ពាន់២រយហិចតា លើផ្ទៃដីសម្បទានសេដ្ឋកិច្ច ស្ថិតនៅភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ដែលទទួលបានពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងឆ្នាំ២០០៦។
កាលពីខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា បានប្រកាសចង់ឱ្យកម្ពុជា ក្លាយទៅជាប្រទេសអធិរាជគ្រាប់ស្វាយចន្ទី ដោយអាចនាំចេញគ្រាប់ស្វាយចន្ទីឱ្យបានច្រើនជាងគេនៅលើពិភពលោក ខណៈ នៅឆ្នាំ២០២១ កម្ពុជា ផលិតគ្រាប់ស្វាយចន្ទីបានចំនួន១លាន១សែន៨ម៉ឺនតោនក្នុងមួយឆ្នាំ ឈរនៅចំណាត់ថ្នាក់លេខមួយលើពិភពលោក ដោយមិនទាន់គិតពីដំណាំស្វាយចន្ទីដែលទើបដាំ ខណៈប្រទេសកូតឌីវ័រ ផលិតបាន១លាន១សែនតោន និងប្រទេសឥណ្ឌាផលិតបាន៨សែនតោន៕