នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរដោយ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម ដោយមានការចូលរួមពីលោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្មខេត្តតាកែវ អាជ្ញាធរស្រុក-ឃុំ មន្ត្រីកសិកម្មឃុំ ចុះពិនិត្យការប្រមូលផលស្រូវដើមរដូវ នៅភូមិអង្គក្រសាំង ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ។
ក្នុងដំណើរនេះ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ការដាំដុះដំណាំស្រូវគួរប្រើប្រាស់ពូជក្នុងស្រុកដើម្បីទទួលបានទិន្នផលល្អ តម្លៃសមរម្យ និងមានឈ្មួញមកចុះកិច្ចសន្យាទិញ។ ឯកឧត្តមរដ្ឋលេខាធិការក៏បានជម្រាបជូនអំពីស្ថានភាពតម្លៃទីផ្សាររបស់ស្រូវអង្ករទាំងក្នុងស្រុក និងអន្តរជាតិ ព្រមទាំងបានលើកទឹកចិត្តចូលរួមជាសហគមន៍កសិកម្មទំនើប ដែលផ្តល់អត្ថប្រយោជន៍ជាច្រើនក្នុងការកាត់បន្ថយថ្លៃដើមផលិតកម្ម និងរកទីផ្សារទុកជាមុនតាមរយៈផលិតកម្មតាមកិច្ចសន្យាផងដែរ។
បើតាមឯកឧត្តមរដ្ឋលេខាធិការ ខេត្តតាកែវផ្ទៃដីប្រមូលផលស្រូវដើមរដូវ ចំនួន ៧៧ ០៦៣ហិកតា ប្រមូលផលបានចំនួន ៦៤ ១៩៦ ហិកតា ស្មើនឹង ៨៣.៣០ភាគរយ ហើយនៅសល់ផ្ទៃដីកំពុងប្រមូលផលចំនួន ១២ ៨៦៤ ហិកតា ស្មើបរិមាណផល ៥៤ ៦២០តោន៕