ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំចំនួ២៥០នាក់ សម្រាប់ឆ្នាំ២០២៣ ធ្វើឡើងប្រកបដោយតម្លាភាព និងស្របតាមគោលនយោបាយរដ្ឋាភិបាល ដើម្បីលើកស្ទួយវិស័យកសិកម្ម និងជួយឱ្យកសិករមានជីវភាពល្អប្រសើរនៅតាមមូលដ្ឋាន។
ក្នុងសន្និសីទសារព័ត៌មាន ស្តីពី ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ នៅសាលាភូមិន្ទរដ្ឋបាល នៅរសៀលថ្ងៃច័ន្ទទី៤ ខែធ្នូ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា អ្នកដែលមានឈ្មោះប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំចឭ នៅថ្ងៃទី១៧ ខែធ្នូខាងមុខនេះ ត្រូវឆ្លងកាត់ការជ្រើសរើសប្រកបដោយតម្លាភាព សុក្រិតភាព ប្រសិទ្ធភាព និងយុត្តិធម៌។
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ថ្លែងបន្តថា មន្ត្រីកសិកម្មឃុំដែលប្រឡងជាប់ត្រូវតែជាអ្នកមានសមត្ថភាព មានឆន្ទៈបំពេញការងារ មានភាពឆ្លាតវៃក្នុងការជួយរកដំណោះស្រាយជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលជួបបញ្ហាប្រឈមនានាលើវិស័យកសិកម្ម។
ផ្ទុយទៅវិញ បើមន្ត្រីដែលប្រឡងជាប់ ហើយមិនបានបំពេញការងាររបស់ខ្លួនឱ្យបានល្អទេ នឹងប្រឈមការលុបឈ្មោះចេញពីក្របខណ្ឌ និងប្រគល់ជូនបេក្ខជនបម្រុងធ្វើការងារជំនួសវិញ។
ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងក្នុងសន្និសីទរួមគ្នានេះដែរថា ការប្រឡងចូលជាមន្ត្រីកសិកម្មឃុំ ចំនួន២៥០នាក់ នៅថ្ងៃទី១៧ ខែធ្នូ ខាងមុខនេះ ធ្វើឡើងដោយស្មើភាព តម្លាភាព និងមិនឱ្យមានបែកវិញ្ញាសារប្រឡងនោះទេ ពោលគឺអ្នកចេះត្រូវប្រឡងជាប់ដោយសមត្ថភាព។
ឯកឧត្តមថ្លែងបន្តថា ក្រោយពីប្រឡងជាប់មន្ត្រីទាំងនោះនឹងត្រូវឆ្លងកាត់ការធ្វើកម្មសិក្សារយៈពេលមួយឆ្នាំ ដើម្បីបំរើការងារនៅតាមឃុំនានាដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានកំណត់។
លោក ឆាត សម្បត្តិ រស់នៅខេត្តកំពត ដែលជាបេក្ខជនម្នាក់ ដែលមានឈ្មោះប្រឡងមន្ត្រីកសិកម្មឃុំ និយាយថា ការដាក់ពាក្យប្រឡងចូលមន្ត្រីកសិកម្មឃុំ មានតម្លាភាព ហើយបេក្ខជនទាំងអស់ទទួលបានព័ត៌មានគ្រប់គ្រាន់ និងទូលំទូលាយថែមទៀតផង។
លោក ឆាត សម្បត្តិ បញ្ជាក់ថា លោកដាក់ពាក្យប្រឡងជំនាញមើលគុណភាពដី មើលដំណាំ និងសត្វល្អិត ដោយសារនៅក្នុងសហគមន៍របស់គាត់ គុណភាពដីនៅមានបញ្ហាច្រើនត្រូវដោះស្រាយ។
លោក ឆាត សម្បត្តិ អះអាងថា បើសិនប្រឡងជាប់ជាមន្ត្រីកសិកម្មឃុំ លោកនឹងយកចំណេះដឹងនិងបទពិសោធន៍ដល់កសិករ ឱ្យចេះធ្វើកសិកម្មទទួលបានទិន្នផលខ្ពស់ ចំណេញពេលវេលា និងកាត់បន្ថយការចំណាយ។
គួរបញ្ជាក់ថា ក្រសួងមុខងារសាធារណៈ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការគ្នាជ្រើសរើសមន្ត្រីកសិកម្មឃុំចំនួន២៥០នាក់ សម្រាប់ឆ្នាំ២០២៣។ បន្ទាប់មក នៅឆ្នាំ២០២៤ខាងមុខនេះ ក្រសួងនឹងបន្តជ្រើសរើសមន្ត្រីកសិកម្មឃុំចំនួន ៨០០នាក់ទៀត ខណៈនៅឆ្នាំ២០២៥ នឹងបន្តជ្រើសរើសបង្រ្គប់ចំនួន៥៥០នាក់បន្ថែមទៀត ដើម្បីឱ្យគ្រប់ចំនួន១៦០០នាក់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕