នៅថ្ងៃសុក្រ ទី១៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត សរ ចិត្រា អគ្គលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញទទួលអំណោយសប្បុរសធម៌ សម្រាប់ចែកជូនជនភៀសសឹកដែលកំពុងទទួលរងនូវការឈ្លានពានពីសំណាក់យោធាថៃមកលើកម្ពុជា ពីអង្គការមាគ៌ាជីវិត ដឹកនាំដោយលោក ខៃរ៉ូល ហាហ្វីស និងសហការី។
ក្នុងនាមតំណាងឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមអគ្គលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអង្គការ សម្រាប់អំណោយសប្បុរសធម៌ដ៏ថ្លៃថ្លានេះឱ្យបានដល់ជនភៀសសឹកគ្រប់ៗគ្នា។
ទន្ទឹមនឹងនេះ ឯកឧត្តមបានគូសបញ្ជាក់ថា កាយវិការនេះ ជាសក្ខីភាពបង្ហាញពីស្មារតីសាមគ្គីភាពជាធ្លុងមួយផ្សារភ្ជាប់រវាងសមរភូមិមុខ និងសមរភូមិក្រោយ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលកម្ពុជា និងជូនពរដល់ថ្នាក់ដឹកនាំ និងបុគ្គលិកអង្គការ សូមទទួលបានជោគជ័យគ្រប់ភារកិច្ច៕