នៅរសៀលថ្ងៃដដែល ចេញពីខេត្តពោធិ៍សាត់ ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានបន្តដំណើរមក ខេត្តបាត់ដំបង។
កម្មវិធីទី៣៖
នៅរសៀលថ្ងៃទី១ នៃដំណើរបេសកកម្មនេះ ឯកឧត្តមរដ្ឋមន្ត្រី និងលោក អ៊ុយ សុទ្ធាវី អភិបាលរង ខេត្ត អមដោយសហការី និងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានអញ្ជើញមកពិនិត្យការរងារបង្កបង្កើនផលស្រូវ និងជួបក្រុមកសិករនៅវាលចែងម៉ែង ភូមិបឹងព្រីង និងភូមិព្រាននិល ឃុំព្រៃតូច ស្រុកមោងឫស្សី។ ជារួមកសិករបានសម្រេចបង្កបង្កើនផលស្រូវដើមរដូវរបានចំនួនប្រមាណ ៨០% លើផ្ទៃដីចំនួន ១ ២២១ហ.ត ដោយប្រើពូជស្រូវសែនក្រអូប និងស្រូវស្រង៉ែ។ មកទល់ពេលនេះ គឺស្រូវលូតលាស់បានល្អប្រសើរ ប៉ុន្តែស្ថានភាពទឹកក្នុងប្រឡាយមានការខ្វះខាត សម្រាប់បូមដាក់ស្រែ។ ពីស្រុកមោងឫស្សី ឯកឧត្តមរដ្ឋមន្ត្រី លោកអភិបាលរងខេត្ត និងសហការីបានអញ្ជើញបន្ត ដំណើរមកស្រុកបាណន់ ដើម្បីពិនិត្យទំនប់ទឹកទ្វារកង្ហត ដែលជាប្រភពទឹកហូរចុះស្រោចលើដីស្រែក្នុងឃុំព្រៃតូច។ នៅតំបន់ខាងលើ គឺឃុំកន្ទឺ១ មានផ្ទៃដីបង្កបង្កើនផលដំណាំស្រូវចំនួន ៦ ៨៤៨ហ.ត គិតមកទល់បច្ចុប្បន្នសម្រេចបានជាង ៩០% ហើយជាទូទៅប្រើពូជស្រូវសែនក្រអូប ផ្ការំដួល ស្រង៉ែ ផ្កាម្លិះ និងស្រូវផ្ការំដេង។ ដំណាំ ស្រូវ មានការលូតលាស់ល្អប្រសើរ ប៉ុន្តែនៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ស្ថានភាពទឹកភ្លៀងមិនមានគ្រប់គ្រាន់ធ្វើឱ្យប្រឡាយមេខ្វះទឹកសម្រាប់កសិករបូម ដាក់ស្រែ។
ភាគច្រើនប្រជាកសិករសំណូមពរឱ្យឯកឧត្តមរដ្ឋមន្ត្រី និងលោកអភិបាលរងខេត្ត ជួយដោះស្រាយទឹកឲ្យមាននៅក្នុងប្រឡាយ ដើម្បីបូមបញ្ចូលស្រែ ហើយប្រសិនបើប៉ុន្មានថ្ងៃខាងមុខគ្មានភ្លៀងទេ ផ្ទៃដីស្រែជាច្រើនហិកតា អាចនឹងប្រឈមបញ្ហាខ្វះទឹក។ ក្នុងនាមឯកឧត្តមរដ្ឋមន្រ្តី លោកបានណែនាំឱ្យប្រធានមន្ទីរ សហការជាមួយមន្ទីរធនធានទឹក និងឧត្តុនិយម និងអាជ្ញាធរស្រុក តាមដានបញ្ហានេះឱ្យបានដិតដល់ និងត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់សម្រាប់ចុះជួយអន្តរាគមន៍ដល់ប្រជាកសិករឲ្យបានទាន់ពេល។