ឯកឧត្ដមបណ្ឌិតច័ន្ទ សារុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរំលឹកដល់កសិករថា ផ្ទៃដីដែលប៉ះពាល់គ្រោះធម្មជាតិកន្លងទៅនេះ គឺត្រូវតែពិចារណា ក្នុងការបង្វែរទៅដាំដំណាំផ្សេងវិញ ដើម្បីជំនួសការបាត់បង់ និងបង្កើនចំណូលផង ។
កាលពីដើមសប្ដាហ៏នេះ ឯកឧត្ដមរដ្ឋមន្ដ្រី បានអញ្ជើញទៅពិនិត្យមើលដំណាំស្រូវ របស់កសិករអនុវត្ដប.វ.ស. និងយុវជនដែលប្រឡងធ្លាក់បាក់ឌុប ហើយទទួលការបណ្ដុះបណ្ដាលការងារកសិកម្ម ពីមន្ទីរកសិកម្ម និងអង្គការនានានៅឃុំគោកត្រប់ ស្រុកកណ្ដាលស្ទឹង ។
នៅទីនោះ ឯកឧត្ដមមានប្រសាសន៏ថា ពិនិត្យជារួមដំណាំស្រូវឆ្នាំនេះ នៅទូទាំងខេត្ដកណ្ដាល គឺលូតលាស់បានល្អគ្រប់ស្រុក ដូច្នេះសង្ឃឹមថា នឹងទទួលផលបានល្អក្នុងឆ្នាំនេះ។ តែជាអកុសលមានស្រុកមួយចំនួនបានប៉ះពាល់ ដោយទឹកជំនន់ចំនួន១.៣៣៧ហិកតា និងខូចខាតចំនួន៨៦៣ហិកតា។ ឯកឧត្ដមបន្ដថាតែទោះបីយ៉ាងណាក៏ដោយ សូមបងប្អូនប្រជាពលរដ្ឋកុំអស់សង្ឃឹម ត្រូវប្រើប្រាស់ផ្ទៃដីប៉ះពាល់នេះទៅដាំបន្លឬ និងដំណាំរួមផ្សំផ្សេងៗទៀត ដូចជាដាំបន្លែ ល្ពៅ ឪឡឹក ត្រសក់ សណ្ដែក ដំឡូងជ្វា និយាយរួមដំណាំណាដែលប្រើទឹកតិច ។
ឯកឧត្ដមរដ្ឋមន្ដ្រី បានលើកទឹកចិត្ដដល់កសិករ ដែលអនុវត្ដប.វ.ស.និងបានកោតសរសើរ ដល់បងប្អូនប្រជាកសិករទូទាំងខេត្ដ ដែលបានខិតខំប្រឹងប្រែងបំពេញការងារដកស្ទូងបានរួចរាល់ជាស្ថាពរ តាមផែនការ ជាពិសេសបងប្អូន បានអនុវត្ដតាមគោលការណ៏ប.វ.ស.ពិតជាក់ស្ដែងឃើញថា ស្រូវមានការលូតលាស់បែកគុម្ពបានល្អ ។ ទន្ទឹមនឹងនោះ ឯកឧត្ដមបានផ្ដាំផ្ញើរដល់ក្មួយៗកសិករវ័យក្មេងថា នេះជាការចាប់ផ្ដើមរបស់យុវជននៅភូមិដ្ឋានរបស់យើង ដូច្នេះត្រូវនាំគ្នាខិតខំរៀនសូត្របន្ថែមទៀតទាក់ទងនឹងការងារបច្ចេកទេសកសិកម្មព្រោះផ្លូវ នៅវែងឆ្ងាយ ដែលត្រូវដើរប៉ុន្ដែបើក្មួយខិតខំនាំគ្នាដើរតាំងពីពេលនេះទៅថ្ងៃណាមូយ ក្មួយនឹងទៅដល់គោលដៅរបស់ខ្លួន។ ខិតខំរៀនសូត្រខិតខំធ្វើនិងធ្វើការអង្កេតតាមដានស្រាវជ្រាវទើបមានការរីកចម្រើន ។
ឯកឧត្ដមបានរំលឹកទៀតថា ដើម្បីឈានដល់ការសម្រេចបាន នូវមហិច្ឆតារបស់រាជរដ្ឋាភិបាល គឺនាំចេញអង្ករឱ្យបាន១លានតោនក្នុង១ឆ្នាំ ចាប់ពីឆ្នាំ២០១១-២០១៥ ឯកឧត្ដមសូមផ្ដាំផ្ញើរដល់ប្រធានមន្ទីរគ្រប់ខេត្ដ រាជធានីត្រូវរៀបចំផែនការសកម្មភាពជំរុញការងារផលិតកម្មស្រូវ ឱ្យបានច្បាស់លាស់ និងឆាប់បំផុតទាក់ទងនឹងបច្ចេកទេសប្រើពូជការប្រើជីធម្មជាតិការថែរក្សាការងារផ្សព្វផ្សាយបណ្ដុះបណ្ដាល ជ្រើសរើសកសិករគំរូជាគ្រូបង្គោល ការធ្វើទស្សនកិច្ចសិក្សាដើម្បីផ្លាស់ប្ដូរបទពិសោធន៏ពីខេត្ដមួយទៅខេត្ដមួយឈានទៅធ្វើទស្សនកិច្ចសិក្សាក្រៅប្រទេស ៕