យោងព្រះរាជក្រឹត្យ នស/រកត/០៥១២/៤៣០ ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១២ និងឡាយព្រះហស្តលេខាដោយ ព្រះករុណាព្រះបាទសម្តេចព្រះបរថនាថ នរោត្តម សីហមុនី ឯកឧត្តមច័ន្ទ សារុន ត្រូវបានផ្តល់ឋានៈជាសាស្ត្រាចារ្យជំនាន់ទី១ រួមជាមួយនិងថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកគ្រូ អ្នកគ្រូសាកលវិទ្យាល័យភូមិន្ទកសិកម្ម។
ថ្លែងក្នុងពិធីប្រកាសឋានៈសាស្ត្រាចារ្យជំនាន់ទី១ ក្នុងវិស័យកសិកម្ម និងពិធីបើកបវេសនកាលរបស់និស្សិតនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម ឆ្នាំសិក្សា២០១២-២០១៣ កាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០១២ កន្លងទៅ ឯកឧត្តមច័ន្ទ សារុនបានសង្កត់ធ្ងន់ថា ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ ខ្ញុំសូមគោរពជម្រាបជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងអង្គពិធីទាំងមូលអំពីប្រវត្តិខ្លះៗ ពាក់ព័ន្ធនឹងការបណ្តុះបណ្តាលក្នុងវិស័យកសិកម្ម និងការបង្កើតឲ្យមានឋានៈសាស្ត្រាចារ្យក្នុងវិស័យកសិកម្ម នៅកម្ពុជាយើង ដូចតទៅៈ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបើកទ្វាអតីតសាកលវិទ្យាល័យភូមិន្ទក្សេតវិទ្យទ្បើងវិញ ក្រោមរូបភាពជា វិទ្យាស្ថានអប់រំកសិកម្ម ដែលមានតួនាទីបណ្តុះបណ្តាលវគ្គខ្លីៗសម្រាប់បំពេញតម្រូវការភ្លាមៗនាពេលនោះ ។
ក្រោយមកនៅឆ្នាំ ១៩៨៤ ដោយសារមានការជួយឧបត្ថម្ភពីអតីតសហភាពសូវៀត វិទ្យាស្ថាននេះបានប្តូរឈ្មោះជា វិទ្យាស្ថានបច្ចេកទេសកសិកម្មចម្ការដូង ហើយចាប់ផ្តើមបើកថ្នាក់វិស្វករកសិកម្ម ដោយបានប្រើប្រាស់ភាសារុស្ស៊ីជាភាសាយាន និង បងៀនដោយសាស្ត្រាចារ្យសូវៀត។ ខ្ញុំចាំបានថាក្នុងកំឡុងពេលនោះរូបខ្ញុំ ផ្ទាល់គឺជាគ្រូស្ម័គ្រចិត្តតែម្នាក់គត់ដែលសមភាគីសូវៀតអញ្ជើញឲ្យជួយបង្រៀនមុខវិជ្ជា នីតិកម្មព្រៃឈើ ដោយពុំមានប្រាក់ ឧត្ថម្ភអ្វីឡើយ។
នៅឆ្នាំ ១៩៩០ ជំនួយអតីតសហភាពសូវៀតត្រូវបានបញ្ចប់ សាស្ត្រាចារ្យសូវៀតក៏ត្រូវបានជំនួសដោយ លោកគ្រូ អ្នកគ្រូជាវិស្វករទើបបញ្ចប់ការសិក្សាថ្មីៗ និងមន្ត្រីបច្ចេកទេសតាមអង្គភាពជំនាញក្រោមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទវិញ ។ យ៉ាងណាមិញ សាលាជាតិកសិកម្ម ព្រែកលៀប និងកំពង់ចាមក៏បានឈ្មុសឈ្មុលរៀបចំដំណើរការរបស់ខ្លួនឡើងវិញចាប់តាំងពីពេលនោះមកដែរ។ ក្នុងដំណាក់កាលនេះ ថ្វីត្បិតតែជួបប្រទះនូវការលំបាកខ្លាំងក្នុងការគ្រប់គ្រង ដឹកនាំ និងបណ្តុះបណ្តាលនិស្សិតក៏ដោយ ក៏យើងទាំងអស់គ្នាបានខិតខំប្រឹងប្រែងជំនះនូវរាល់ឧបសគ្គទាំងនោះបានដោយជោគជ័យ រហូតដល់បច្ចុប្បន្ននេះ មានការអភិវឌ្ឍន៍មកជាគ្រឹះស្ថានសាធារណៈរដ្ឋបាលដោយបានខិតខំកែប្រែកម្មវិធីសិក្សាស្របតាមទីផ្សាការងារជាក់ស្តែង បំពាក់ហេដ្ឋារចនាសម្ព័ន្ធសិក្សា ពង្រឹងសមត្ថភាពធនធានគ្រូបង្រៀនពីកម្រិតបរិញ្ញាប័ត្រដល់កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ បណ្ឌិត និងក្រោយបណ្ឌិតថែមទៀតផង។ មកដល់ពេលនេះមានលោកគ្រូ អ្នកគ្រូមួយចំនួនមានបទពិសោធន៍បង្រៀនរហូតដល់ជាង ២០ ឆ្នាំមកហើយ។
ក្នុងគោលបំណងជំរុញលើកកម្ពស់បន្ថែមដល់សមត្ថភាព និងគុណភាពអប់រំរបស់លោកគ្រូ អ្នកគ្រូ សាកលវិទ្យាល័យភូមិន្ទកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានខិតខំរៀបចំបង្កើតឲ្យមានឋានៈសាស្ត្រាចារ្យជាតិក្នុងវិស័យកសិកម្ម ដែលខ្ញុំសូមអនុញ្ញាតជម្រាបជូនឯកឧត្តមគណៈអធិបតី តាមដំណាក់កាលនីមួយៗ ដូចខាងក្រោមៈ
I- ឆ្នាំ១៩៩៧ ក្រុមដឹកនាំការងារជាតិសម្រាប់ឧត្តមសិក្សាមួយបានរៀបចំសេចក្តីព្រាងឋានៈសាស្ត្រាចារ្យ ជាទម្រង់ព្រះរាជក្រឹត្យបង្កើតក្របខ័ណ្ឌគ្រូឧត្តមសិក្សាមានឋានន្តរសក្តិ ៥ថ្នាក់គឺ៖ សាស្ត្រាចារ្យផុតលេខ(មានពីរថ្នាក់ៈ ថ្នាក់ទី ២ និងថ្នាក់ទី១) សាស្ត្រាចារ្យមានបួនថ្នាក់ សាស្ត្រាចារ្យរងមានបីថ្នាក់ សាស្ត្រាចារ្យជំនួយមានបីថ្នាក់ និងគ្រូឧទ្ទេសនាមមានបួនថ្នាក់ ។
II- ឆ្នាំ២០០៦ ក្រសួងអប់រំ យុវជន និងកីទ្បាបានរៀបចំសេចក្តីព្រាងមួយទៀត ជាទម្រង់អនុក្រឹត្យស្តីពីគោលការណ៍តែងតាំងឋានន្តរស័ក្តិសាស្ត្រាចារ្យជាតិមាន ៣ កម្រិត គឺ ៖ ព្រឹទ្ធសាស្ត្រាចារ្យ ព្រឹទ្ធសាស្ត្រាចារ្យរង និងសាស្ត្រាចារ្យជំនួយ។
III- ឆ្នាំ ២០០៦ ដដែល សាកលវិទ្យាល័យភូមិន្ទកសិកម្ម បានរៀបចំសេចក្តីព្រាងជាទម្រង់ប្រកាស សម្រាប់ប្រើប្រាស់តែសាស្ត្រាចារ្យនៅក្នុងគ្រឹះស្ថានឧត្តមសិក្សាកសិកម្ម ស្ថិតក្រោមអាណាព្យាបាលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមាន ៣ កម្រិត គឺ៖ សាស្ត្រាចារ្យបណ្ឌិត ឬ សាស្ត្រាចារ្យ សាស្ត្រាចារ្យរង និងសាស្ត្រាចារ្យជំនួយ។ ក៏ប៉ុន្តែសេចក្តីព្រាងទាំងអស់ខាងលើនេះពុំទាន់បានឯកភាព និងទទួលស្គាល់ដាក់ឲ្យប្រើប្រាស់ជាផ្លូវការទេ ។
IV- ជាចុងក្រោយ នាឆ្នាំ ២០១០ សាកលវិទ្យាល័យភូមិន្ទកសិកម្មសហការជាមួយសាលាជាតិកសិកម្មទាំងពីរក្រោមការតម្រង់ទិសរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំធ្វើសេចក្តីព្រាងអនុក្រឹត្យផ្តល់ឋានៈសាស្ត្រាចារ្យនេះជាថ្មីម្តងទៀត ហើយត្រូវបានរាជរដ្ឋាភិបាលអនុម័តយល់ព្រមដាក់ឲ្យប្រើប្រាស់ជាផ្លូវការតាមអនុក្រឹត្យលេខ ២៧៤ អនក្រ.បក ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១១ ស្តីពីការផ្តល់ឋានៈសាស្ត្រាចារ្យក្នុងវិស័យកសិកម្ម ក្នុងនោះ ឋានៈសាស្ត្រាចារ្យមាន ៣ កម្រិត គឺ សាស្ត្រាចារ្យជំនួយ សាស្ត្រាចារ្យរង និងសាស្ត្រាចារ្យ។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានបញ្ជាក់ដែរថា ក្រោយពីចេញអនុក្រឹត្យលេខ ២៧៤ អនក្រ.បក មក រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដ៏ឆ្នើមបានលើកទឹកចិត្តផ្តល់ឋានៈជូនលោកគ្រូ អ្នកគ្រូ ទៅជាសាស្ត្រាចារ្យក្នុងវិស័យកសិកម្មចំនួន១៧រូប តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៥១២/៤៣០ ចុះថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០១២ និងជាសាស្ត្រាចារ្យរង ចំនួន ២១រូប តាមរយៈអនុក្រឹត្យលេខ ៥៤៤.អនក្រ.តត ចុះថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០១២ ដល់សាស្ត្រាចារ្យដែលកំពុងបង្រៀននៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម សាលាជាតិកសិកម្មព្រែកលៀប និង សាលាជាតិកសិកម្មកំពង់ចាម។
នាឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យ៉ឹម ឆៃលី បានសម្តែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសាស្ត្រាចារ្យទាំងអស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ដែលបានខិតខំប្រឹងប្រែងសម្រេចបាននូវសមិទ្ធផលធំៗជាបន្តបន្ទាប់ក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាជារួម និងដោយឡែកការកសាងធនធានមនុស្សដ៏សម្បូរបែបសម្រាប់វិស័យដ៏មានសក្តានុពលនេះ ហើយក៏ជាការឆ្លើយតបយ៉ាងប្រសើរបំផុតទៅនឹងប្រសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានលើកឡើងថា យើងមានភារកិច្ចចម្បងចាំបាច់ គឺការធ្វើឲ្យសម្រេចគោលដៅនៃការអប់រំសម្រាប់ទាំងអស់គ្នា។ យ៉ាងណាមិញ ការអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីក ចម្រើនបាន លុះត្រាតែយើងខិតខំអភិវឌ្ឍធនធានមនុស្សឲ្យមានចំណេះដឹង ចំណេះធ្វើ កាយសម្បទាមាំមួន ប្រកបដោយ សីលធម៌ល្អ ចរិយាសម្បត្តិល្អ គុណធម៌ថ្លៃថ្លា និងចេះរួមរស់ដោយសន្តិភាព ហើយដើម្បីទទួលបានធនធានមនុស្សបែបនេះ យើងត្រូវតែខិតខំផ្តល់សេវាអប់រំដល់ប្រជាពលរដ្ឋគ្រប់រូប គ្រប់វ័យ តាមគ្រប់រូបភាព និងប្រកបដោយគុណភាព។ ជារួម រាជ រដ្ឋាភិបាលយល់យ៉ាងច្បាស់ថា ការងារអភិវឌ្ឍសមត្ថភាពធនធានមនុស្ស គឺជាកត្តាស្នូលក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ និងបានចាត់ទុកថាជាការងារអាទិភាពដូចមានចែងក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី២នេះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្តទៀតថា បច្ចុប្បន្នភាពអត់ឃ្លានរបស់ប្រជាពលរដ្ឋ បានបង្កនូវក្តីកង្វល់យ៉ាងធំ ធេងដល់សកលលោកជាថ្មី ដែលខុសពីទស្សនៈសហស្សវត្សដែលបានកំណត់ដោយអង្គការ សហប្រជាជាតិកាលពីឆ្នាំ២០០០ គឺសំដៅយកឆ្នាំ២០១៥ ដើម្បីកាត់បន្ថយអ្នករងគ្រោះដោយការអត់ឃ្លានឲ្យបានពាក់កណ្តាល ថែមទៀត។ ប៉ុន្តែឥឡូវនេះ ១/៦ នៃមនុស្សលោកបានរងទុក្ខដោយខ្វះអាហារូបត្ថម្ភនិងខ្វះស្បៀង។ មានអ្នកក្រប្រមាណ ៣/៤ នៃពិភពលោករស់នៅដោយ សារកសិកម្ម។ ប្រសិនបើគេចង់មានភ័ព្វសំណាងដោះស្រាយបញ្ហាក្រីក្រក្នុងពិភពលោក គេត្រូវផ្តោតលើវិស័យកសិកម្ម។
បច្ចុប្បន្ននេះ ប្រជាកសិករនៅក្នុងប្រទេសតតិយលោកជាយូររៀងរហូតមក តែងតែទទួលនូវទិន្នផលមិនគាប់ប្រសើរឡើយ ហើយបានផ្តល់នូវផលប៉ះពាល់ដល់អ្នកទាំងនោះ ដែលមិនអាចគេចផុតឡើយក្នុងរយៈពលប៉ុន្មានឆ្នាំកន្លងមកនេះ។ ជាទូទៅ ការផ្គត់ផ្គង់ស្បៀងដល់ប្រជាជននៅលើពិភពលោកនេះ គឺជាបញ្ហាសំខាន់ ហើយបើតាមការប្រមើលមើលដែលអាចជឿជាក់បាន នាពេលអនាគត គឺប្រជាជននៅលើពិភពលោកនឹងកើនឡើងទៅដល់២ ឬ ៣ កោដនាក់ថែមទៀត។ និយាយដោយឡែកក្នុងកាលៈទេសៈដែលកើតមានវិបត្តិសេដ្ឋកិច្ចពិភពលោក ប្រទេសកម្ពុជាយើងក៏ត្រូវទទួលរងនូវផល ប៉ះពាល់ក្នុងវិស័យផ្សេងៗផងដែរ ក៏ប៉ុន្តែវិស័យកសិកម្ម ក៏ដូចជាវិស័យអប់រំនៅតែដំណើរ ការបានល្អដូចធម្មតារហូត សម្រេចបាននូវសមិទ្ធផលគួរជាទីមោទនៈ។
ឆ្លងតាមរបាយការណ៍របស់ឯកឧត្តមរដ្ឋមន្ត្រី ច័ន្ទ សារុន ក៏បានបង្ហាញផងដែរ អំពីប្រវត្តិនៃការខិតខំប្រឹងប្រែងឈ្មុសឈ្មុលបើកគ្រឹះស្ថានឧត្តមសិក្សាកសិកម្មទាំងបី ដើម្បីបណ្តុះបណ្តាលធនធានមនុស្សបម្រើឲ្យការអភិវឌ្ឍន៍វិស័យកសិកម្ម កម្ពុជាយើង ក្រោយថ្ងៃរំដោះ៧មករា និងតាំងពីដើមដំបូងដែលកម្ពុជាសុំជំនួយសាស្ត្រាចារ្យពីអតីតសហភាពសូវៀត រៀនជាភាសារុស្ស៊ី ហើយដែលមកដល់បច្ចុប្បន្ននេះ យើងមានសមត្ថភាពគ្រប់គ្រងសាកលវិទ្យាល័យដោយខ្លួនឯងបានដោយជោគជ័យ មានកម្មវិធីសិក្សាត្រឹមត្រូវ មានគ្រូបង្រៀនខ្លួនឯងគ្រប់គ្រាន់ មានការទទួលស្គាល់ពីស្ថាប័នជាតិ និង អន្តរជាតិ។ ដោយទ្បែកសម្រាប់ថ្ងៃនេះទៀតសោត រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់និងគតិបណ្ឌិតដ៏ឈ្លាសវៃបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត ដោយបានផ្តល់កិត្តិយសជូនឯកឧត្តម លោក លោកស្រី មួយចំនួនដែលមានសមត្ថភាពខ្ពស់ និងគុណវុឌ្ឍិគ្រប់គ្រាន់ នូវឋានៈជាសាស្ត្រាចារ្យ និងជាសាស្ត្រាចារ្យរងក្នុងវិស័យកសិកម្មផងដែរ។ នេះជាជោគជ័យដ៏ធំធេងមួយទៀតក្នុងប្រវត្តិសាស្ត្រនៃការអប់រំកសិកម្មនៅកម្ពុជា ដែលដើរទន្ទឹមទៅនឹងការប្រែប្រួលក្នុងបរិបទនៃសាកលភាវូបនីយកម្ម។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីសូមកោតសរសើរ និង ចូលរួមអបអរសារទរយ៉ាងស្មោះ ចំពោះជ័យលាភីទាំង ៣១ រូប ដែលរាជរដ្ឋាភិបាលបានផ្តល់ជូនដល់ឯកឧត្តម លោក លោកស្រី នូវឋានៈថ្មីនេះ ក្នុងនោះ មានសាស្ត្រាចារ្យចំនួន ១៧ រូប និង សាស្ត្រាចារ្យរង ២១ រូប ដែលកំពុងបង្រៀននៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម ២៥ រូប សាលាជាតិកសិកម្មព្រែកលៀប ៣ រូប និងសាលាជាតិកសិកម្មកំពង់ចាម ៣ រូប ដោយសង្ឃឹមថា ឯកឧត្តម លោក លោកស្រីទាំងអស់ ត្រូវបន្តការយកចិត្តទុកដាក់ពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ជាពិសេសការស្រាវជ្រាវបច្ចេកទេស វិទ្យាសាស្ត្រ ការពង្រឹងឲ្យបានកាន់តែខ្លាំងនូវការងារសហប្រតិបត្តិការជាតិ អន្តរជាតិ ភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍អ្នកវិទ្យាសាស្ត្រអន្តជាតិ ដើម្បីដើរឲ្យទាន់គេ ជាពិសេសក្នុងសហគមន៍អាស៊ាន នាពេលខាងមុខឆាប់ៗនេះ ដើម្បីយកមកបម្រើឲ្យការអប់រំបណ្តុះបណ្តាលធនធានមនុស្សកសិកម្មរបស់យើងឲ្យទទួលបានជោគជ័យ។ ពិសេសទៅទៀត សាស្ត្រាចារ្យមួយរូបៗ ត្រូវខិតខំពង្រឹងសមត្ថភាព ក៏ដូចជា ជំនាញរបស់ខ្លួនឲ្យបានកាន់តែរឹងមាំ ត្រូវខិតខំរៀបចំបង្កើតឲ្យមានមធ្យោបាយសម្ភារៈមន្ទីរពិសោធន៍ សម្រាប់បង្រៀនដល់និស្សិតលើជំនាញរបស់ខ្លួនផងដែរ ព្រមទាំងរួមចំណែកធ្វើការផ្សព្វផ្សាយ ក៏ដូចជាផ្ទេរនូវបញ្ញាញាណរបស់ខ្លួនឲ្យបានទូលំទូលាយដល់អ្នកជំនាន់ក្រោយ ដើម្បីអភិវឌ្ឍវិស័យកសិកម្មនិងជនបទឲ្យមានការរីកចម្រើនដូចអារិយប្រទេសនានាលើសាកលលោក។
ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានជម្រាបជូនឯកឧត្តម លោក លោកស្រីទាំងអស់ថា តាមអនុក្រឹត្យលេខ ២៧៤ អនក្រ. បក ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១១ ស្តីពីការផ្តល់ឋានៈសាស្ត្រាចារ្យក្នុងវិស័យកសិកម្ម យើងមាននីតិវិធីច្បាស់លាស់ណាស់ក្នុងការជ្រើសរើសសាស្ត្រាចារ្យ ក្នុងនោះ យើងមាន ក្រុមប្រឹក្សាជាតិត្រួតពិនិត្យការផ្តល់ឋានៈសាស្ត្រាចារ្យក្នុងវិស័យកសិកម្ម ដែលសរសេរកាត់ថា កតសក ជាអ្នកពិនិត្យ និងសម្រេចលើកិច្ចការនេះ។ ក្រុមប្រឹក្សាជាតិ កតសក នឹងប្រជុំយ៉ាងតិច ២ ដងក្នុងមួយឆ្នាំ ដើម្បីពិនិត្យនិងអនុម័តយល់ព្រមលើលទ្ធផលនៃការវាយតម្លៃរបស់គណៈមេប្រយោគដែលបញ្ជូនមកពីសាកលវិទ្យាល័យ។ ដូចនេះ សាកលវិទ្យាល័យត្រូវស្នើសុំបង្កើតគណៈមេប្រយោគរបស់ខ្លួនទៅ កតសក ដើម្បីធ្វើការប្រទ្បងជ្រើសរើសសាស្ត្រាចារ្យប្រចាំឆ្នាំនីមួយៗ ។ ដូច្នេះ ចំពោះលោកគ្រូ អ្នកគ្រូដែលកំពុងបង្រៀននៅក្នុងសាកលវិទ្យាល័យភូមិន្ទកសិកម្ម សាលាជាតិកសិកម្មព្រែកលៀប និងសាលាជាតិកសិកម្មកំពង់ចាម ដែលមិនទាន់បានទទួលឋានៈសាស្ត្រាចារ្យនាពេលនេះ ហើយអស់លោក លោកស្រីដែលមានគុណវុឌ្ឍិគ្រប់គ្រាន់ សូមត្រៀមរៀបចំខ្លួនដើម្បីដាក់ពាក្យសុំប្រទ្បងយកឋានៈជាសាស្ត្រាចារ្យ សាស្ត្រាចារ្យរង ឬសាស្ត្រាចារ្យជំនួយ ជាបន្តបន្ទាប់ទៀតប្រកបដោយក្តីសង្ឃឹម។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានជម្រាបជូនអង្គពិធីថា ក្នុងការរៀបចំបែងចែកដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋកម្ពុជា មាននិស្សិតជាង ១០០០ នាក់មកពីសាកលវិទ្យាល័យនានា បានស្ម័គ្រចិត្តចូលរួមក្នុងសកម្ម ភាពវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ តាមគោលនយោបាយចាស់ សកម្មភាពថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះតាមរបាយការណ៍ ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន អម្បាញ់មិញបង្ហាញថាមាននិស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្មចំនួន ៤២៩នាក់ និង និស្សិតសាលាជាតិកសិកម្មព្រែកលៀប ចំនួន ២២៨ នាក់បានចូលរួមយ៉ាងសកម្មក្នុងភារកិច្ចនេះផងដែរ។ ជាមួយនេះ ខ្ញុំក៏មិនបំភ្លេចនិងមើលរំលងផងដែរនូវការចូលរួមដ៏សស្រាក់សស្រាំនិងរស់រវើកនៅក្នុងការងារសង្គមរបស់ក្មួយៗជាសិស្ស-និស្សិត ក្រុមយុវជនកាយរិទ្ធ និងក្រុមយុវជនកាកបាទក្រហមកម្ពុជានាពេលបច្ចុប្បន្ននេះ។ ខ្ញុំសូមកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះគោលជំហរស្ម័គ្រចិត្ត ស្មារតីតស៊ូ លះបង់ ដ៏ថ្លៃថ្លារបស់ក្មួយៗនិស្សិតទាំងអស់ ហើយក៏ជាគំរូដ៏ល្អប្រពៃដល់និស្សិតដទៃៗទៀតផងដែរ ។
ពិតណាស់ថា ការប្រារព្ធពិធីដ៏មហោឡារិកនាថ្ងៃនេះ គឺជាសក្ខីភាពថ្មីមួយទៀតដែលឆ្លុះបញ្ចាំងឲ្យឃើញអំពីភាពរីកចម្រើនក្នុងការអភិវឌ្ឍន៍និងពង្រឹងសមត្ថភាពមន្ត្រីរាជការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលរាជរដ្ឋាភិបាលមានមោទនភាពជាទីបំផុតនិងបានផ្តល់ឋានៈសាស្ត្រាចារ្យជូនដើម្បីជាការលើកទឹកចិត្ត ហើយក៏ជាគំរូដ៏ល្អសម្រាប់ផ្តល់ ឱកាសដល់យុវសាស្ត្រាចារ្យដទៃទៀតខិតខំប្រឹងប្រែងតាមលំអាននៃរៀមច្បងរបស់ខ្លួន។ ជារួមក្មួយៗយុវជន យុវនារី នា សម័យតេជោសែន តោងគិតថា ការបណ្តុះបណ្តាលធនធានមនុស្សនៅតែជាកត្តាកំណត់សម្រាប់ការកសាងនិង អភិវឌ្ឍ ប្រទេសជាតិ ពីព្រោះថា "ប្រទេសដែលសម្បូរដោយធនធានធម្មជាតិមិនប្រាកដថា ជាប្រទេសអ្នកមាននោះទេ ប្រសិនបើខ្វះធនធានមនុស្សប្រកបដោយ គុណភាព ហើយប្រទេសដែលខ្វះធនធានធម្មជាតិ ក៏មិនប្រាកដថា ជាប្រទេសក្រីក្រនោះដែរ ប្រសិនបើមានធនធានមនុស្សល្អប្រកបដោយសមត្ថភាពខ្ពស់ " ។
ម្យ៉ាងទៀត ថ្ងៃនេះក៏ជាថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១២-២០១៣ របស់សាកលវិទ្យាល័យភូមិន្ទកសិកម្មផងដែរ ដែលក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមឧបនាយរដ្ឋមន្ត្រីបានចូលរួមសម្តែងនូវសេចក្តីសប្បាយរីករាយ និងអបអរសាទរចំពោះក្មួយៗ និស្សិតទាំងអស់ ដែលបានប្រទ្បងជាប់ និងបានទ្បើងថ្នាក់មួយថ្នាក់ទៀត ដោយបានរំលឹកក្មួយៗនិស្សិតចាំទុកថា ការសិក្សារៀនសូត្រ គឺជាការវិនិយោគមួយយ៉ាងធំរបស់ជីវិតយើងសម្រាប់អនាគត ។ ឪពុកម្តាយ បងប្អូន ញាតិមិត្ត និងសាមីខ្លួនឯងផ្ទាល់បានចំណាយធនធានយ៉ាងច្រើនសម្រាប់ការសិក្សា ដូចនេះក្មួយៗត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀនសូត្រ ទាំងទ្រឹស្តី និងការអនុវត្តន៍ ជាក់ស្តែង និងត្រូវលត់ដំខ្លួនឲ្យក្លាយជាពលរដ្ឋមួយដ៏ល្អ ជាបញ្ញាជនមួយដ៏ប្រសើរសម្រាប់ជាតិមាតុភូមិ ។