នាព្រឹកថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមីនា គ.ស ២០១៨ នៅទីស្តីការក្រសួងឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យ Dr. Li Shen Tang (Director of Science & Technology Development Dept (CETC Ocean Information) និងសហការីចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារទាក់ទងគម្រោងតម្លើងប្រព័ន្ធតាមដានចរាចរទូកឬកប៉ាល់នេសាទនៅលើដែនសមុទ្រដើម្បីគ្រប់គ្រងនិងត្រួតពិនិត្យបទលើ្មសនេសាទលើផ្ទៃសមុទ្រ។ លោកក៏បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីផងដែរពីប្រវត្តិរបស់ក្រុមហ៊ុន មុខងារនិងភារកិច្ចសំខាន់ៗមួយចំនួនដូចជាព័ត៌មានវិទ្យា បច្ចេកវិទ្យាលំហសមុទ្រនិងបាតសមុទ្រ ប្រព័ន្ធរាដាតាមដានកប៉ាល់ នាវានេសាទ ការគ្រប់គ្រងវារីវប្បកម្មសមុទ្រ និងមជ្ឈមណ្ឌលស្រាវជ្រាវសមុទ្រ។ ប្រព័ន្ធនេះបង្កការងាយស្រួលដល់អាជ្ញាធរគ្រប់គ្រងលំហសមុទ្រ ការនេសាទខុសច្បាប់ ការបំពានចូលដែនសមុទ្រ ការកំណត់ទីតាំងតំបន់ហាមឃាត់ការនេសាទ កំណត់ទីតាំងទូកនេសាទ ការបញ្ជាក់ពីប្រភពត្រី ការទំនាក់ទនងឬការបញ្ជូនព័ត៌មានរវាងអាជ្ញាធរនិងទូកនេសាទ និងប្រព័ន្ធក្រើនរំលឹងពីហានីភ័យផ្សេងៗឲ្យមានប្រសិទ្ធភាព និងរហ័សទាន់ចិត្ត។ បន្ទាប់ពីមានមតិស្វាគមន៍ ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូនភ្ញៀវថាក្រសួងសូមស្វាគមន៍ចំពោះគម្រោង ប៉ុន្តែក្រុមហ៊ុនត្រូវធ្វើការសិក្សា ស្រាវជ្រាវឲ្យបានគ្រប់ជ្រុងជ្រោយ មុនការបោះទុនវិនិយោគលើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាថ្មីនេះ ពិសេសប្រភពទុននែការផ្តល់ហិរញ្ញប្បទានវិនិយោគ និងកិច្ចដំណើរការ ឲ្យបានហ្មត់ចត់ និងច្បាស់លាស់ជាមុនសិនជាមួយរដ្ឋបាលជលផល និងអាជ្ញាធរពាក់ព័ន្ធ។