នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម សរ ចិត្រា អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងសិក្ខាសាលា «បច្ចុប្បន្នភាពស្ថានភាពសេដ្ឋកិច្ចកម្ពុជាសម្រាប់មន្រ្តីការទូត» ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅសណ្ឋាគារ Sun & Moon Riverside។
សិក្ខាសាលានេះ មានគោលបំណងផ្តល់ជូនមន្ត្រីការទូតកម្ពុជានូវបច្ចុប្បន្នភាពព័ត៌មាន ស្ដីពីស្ថានភាពសេដ្ឋកិច្ច គោលនយោបាយ វិស័យអាទិភាព និងកាលានុវត្តភាពថ្មីៗរបស់ប្រទេស ព្រមទាំងពង្រឹងចំណេះដឹង និងសមត្ថភាពរបស់មន្ត្រីការទូត ដើម្បីលើកកម្ពស់ផលប្រយោជន៍សេដ្ឋកិច្ចជាតិប្រកបដោយប្រសិទ្ធភាព តាមរយៈការបំពេញបេសកកម្មការទូតក្រៅប្រទេស។
ឯកឧត្តម សរ ចិត្រា បានចែករំលែកនូវ គោលនយោបាយ និងផែនការយុទ្ធសាស្រ្តក្នុងវិស័យកសិកម្ម ការចូលរួមចំណែករបស់វិស័យកសិកម្មក្នុងសេដ្ឋកិច្ចជាតិ ទិន្នន័យតាមអនុវិស័យនៃវិស័យកសិកម្ម និងសក្តានុពលវិស័យកសិកម្មនៅកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមអគ្គលេខាធិការ ក៏បានចូលរួមវេទិកាពិភាក្សាលើប្រធានបទ «ស្ថានភាពនិងទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា និងតួនាទីមន្រ្តីការទូតកម្ពុជា ក្នុងការគាំទ្រផលប្រយោជន៍សេដ្ឋកិច្ចជាតិ»៕