នៅថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ ២០២៤នេះ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជំនាញ នាយកដ្ឋានដំណាំឧស្សាហកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម ដែលរួមដំណើរដោយលោក ដុក សាវឿន ប្រធានការិយាល័យក្សេត្រសាស្រ្ដ ផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានចុះទៅពិនិត្យសហគ្រាស ផលិតម្សៅដំឡូងមី សញ្ញាហង្សពីរ នៅសង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ។
នៅក្នុងដំណើរចុះត្រួតពិនិត្យនោះ ក្រៅពីជួបសហគ្រាសផលិតម្សៅដំឡូងមី ក្រុមការងារបេសកកម្មក៏បានអញ្ជើញទៅជួបសម្ភាសន៍ជាមួយម្ចាស់ចម្ការស្វាយចន្ទី ដើម្បីធ្វើបច្ចុប្បន្នភាពលើតម្លៃផលិតកម្មដំណាំស្វាយចន្ទី សម្រាប់វិភាគសេដ្ឋកិច្ច នៃការងារសហគមន៍កសិកម្មល្ងៀងមានជ័យ នៅក្នុងឃុំល្ងៀង ស្រុកត្បូងឃ្មុំ និងក៏បានចុះទៅដល់សហគមន៍កសិកម្មបៃតងគោកស្រុក ស្ថិតនៅឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំផងដែរ៕