មូលដ្ឋានទិន្នន័យផលនេសាទសមុទ្រ ដោយ MaFReDI

មូលដ្ឋានទិន្នន័យតាមដានផលនេសាទសមុទ្រ (ឆ្នាំ២០២១–២០២៤)

វិធីសាស្ត្រប្រមូលទិន្នន័យវាយតម្លៃផលនេសាទសមុទ្រ (FCMAS) ត្រូវបានអភិវឌ្ឍឡើងដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលសមុទ្រ (MaFReDI) ដោយមានការគាំទ្រផ្នែកបច្ចេកទេសពីគម្រោង FAO CAPFISH ក្រោមជំនួយថវិកាសហភាពអឺរ៉ុប (EU)។ ការប្រមូលទិន្នន័យត្រូវបានអនុវត្តនៅតាមកន្លែងផលនេសាទ ដែលត្រូវបានជ្រើសរើសនៅតាមខេត្តតំបន់ឆ្នេរទាំង៤ ចាប់ពីឆ្នាំ២០២១ ដល់ ២០២៤។ ការប្រមូលទិន្នន័យប្រចាំខែត្រូវបានធ្វើឡើងនៅតាមកន្លែងផលនេសាទសមុទ្រចំនួន៨ ពីនាវានេសាទចំនួន ២២៤ ដោយប្រើវិធីសាស្ត្រសម្ភាសន៍បែបរំលឹកឡើងវិញ។

ការកត់ត្រាទិន្នន័យត្រូវបានអនុវត្តដោយឧបករណ៍ឌីជីថល (ថេប្លេត) ដោយប្រើទម្រង់ស្ទង់មតិក្នុងកម្មវិធី Kobo Toolbox ហើយទិន្នន័យទាំងនេះត្រូវបានរក្សាទុកក្នុងមូលដ្ឋានទិន្នន័យអនឡាញ។ មន្ដ្រីរដ្ឋបាលជលផលនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិអាចចូលប្រើទិន្នន័យតាមរយៈប្រព័ន្ធគ្រប់គ្រងព័ត៌មានជលផល (FIMS)។ ទិន្នន័យ ដែលប្រមូលបានមានតម្លៃជាមូលដ្ឋានសម្រាប់ការវិភាគលម្អិតដូចជា៖ ផលនេសាទតាមប្រភេទ ការប្រើឧបករណ៍នេសាទ សមត្ថភាពផលចាប់ក្នុងមួយឯកតា (Catch per Unit Effort –CPUE) និងសកម្មភាពសេដ្ឋកិច្ចពាក់ព័ន្ធ ដែលផ្តល់ធាតុចូលដ៏សំខាន់សម្រាប់ការកំណត់គោលនយោបាយនិងការសម្រេចចិត្តគ្រប់គ្រងផ្អែកលើភស្តុតាងសម្រាប់វិស័យជលផលសមុទ្រ។

បន្ថែមលើការបង្កើនការយល់ដឹងអំពីស្ថានភាពនិងនិន្នាការជលផលសមុទ្រនៅក្នុងប្រទេសកម្ពុជា លទ្ធផលនៃការតាមដានផលនេសាទនេះត្រូវបានប្រើសម្រាប់បង្កើនគុណភាពទិន្នន័យស្ថិតិ ដែលរាយការណ៍ដោយខណ្ឌរដ្ឋបាលជលផលតំបន់ឆ្នេរ តាមរយៈការផ្តល់វិធីសាស្ត្រដែលមានភាពត្រឹមត្រូវសម្រាប់ការប៉ាន់ប្រមាណផលនេសាទ។ ការអនុវត្ដការការអង្កេតនេះមានកិច្ចសហការណ៍ជិតស្និទ្ធជាមួយមន្ដ្រីខណ្ឌរដ្ឋបាលជលផលតំបន់ឆ្នេរ និងផ្ដល់ការបណ្តុះបណ្តាលជាប្រចាំដើម្បីផ្ទេរបច្ចេកទេសនិងណែនាំអំពីស្ដង់ដារចាត់ថ្នាក់ប្រភេទនិងឧបករណ៍នេសាទ។

របាយការណ៍ប្រចាំខែនិងប្រចាំឆ្នាំទាំងអស់និងសៀវភៅណែនាំបច្ចេកទេសអំពីការប្រមូលទិន្នន័យ ត្រូវបានចេញផ្សាយជាសាធារណៈនៅលើគេហទំព័រនៃរដ្ឋបាលជលផល ដែលអាចទាញយកបានទាំងភាសាខ្មែរ និងអង់គ្លេសតាមតំណភ្ជាប់នៅទីនេះ។