នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ឃុន អេវ៉ារ៉ាត តំណាងស្ថានទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ជាសហប្រធានគណៈកម្មការតម្រង់ទិស បានរួមគ្នាដឹកនាំកិច្ចប្រជុំគណៈកម្មការតម្រង់ទិសនៃ «កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាបន្ន ផ្នែកនេសាទ» (CAPFISH-Capture) លើកទី៨ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ផ្ដោតសំខាន់ទៅលើការត្រួតពិនិត្យលទ្ធផល និងសកម្មភាពដែលបានអនុវត្តក្នុងឆ្នាំ២០២៤ កន្លងមក ព្រមទាំងពិនិត្យ និងអនុម័តសម្រេចលើផែនការសកម្មភាព និងថវិកាសម្រាប់ឆ្នាំ២០២៥ ខាងមុខនេះ។ កម្មវិធីនេះត្រូវបាននឹងកំពុងអនុវត្តដោយរដ្ឋបាលជលផល ដោយមានកិច្ចសហការ និងគាំទ្របច្ចេកទេសពីអង្គការ FAO, UNESCO, UNIDO និងបណ្តាអង្គការ ផ្សេងទៀត រួមមានអង្គការ OXFARM, WCS, Save the Children, Aid et Action និង IUCN។
នាឱកាសនេះ ឯកឧត្តម ហាស់ សារ៉េត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សហភាពអឺរ៉ុប ដែលបានជួយគាំទ្រថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ សម្រាប់ការអនុវត្តកម្មវិធី CAPFISH-Program ដ៏មានសារៈសំខាន់ ដើម្បីជួយលើកស្ទួយសេដ្ឋកិច្ចជាតិ។
ក្នុងអង្គពិធី ឯកឧត្តមសហប្រធានក៏បានថ្លែងអំណរគុណដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានជួយគាំទ្រ និងសហការជាមួយសហភាពអឺរ៉ុប ដើម្បីរៀបចំកម្មវិធី CAPFISH-Capture នេះ ដំណើរការបានដោយរលូនអស់រយៈពេល៥ឆ្នាំកន្លងមក។ ជាមួយគ្នានេះដែរ ឯកឧត្តមសហប្រធានក៏បានកោតសរសើរដល់ក្រុមការងារនៃរដ្ឋបាលជលផល ដែលបានខិតខំអនុវត្តកម្មវិធី CAPFISH-Capture នេះ ដោយបានសហការជាមួយក្រុមទីប្រឹក្សាបច្ចេកទេសជាតិ និងអន្តរជាតិ ព្រមទាំងបណ្តាអង្គការនានា ទទួលបានជោគជ័យជាបន្តបន្ទាប់។
ឯកឧត្តម ហាស់ សារ៉េត ក៏បានណែនាំតម្រង់ទិសកិច្ចការមួយចំនួន ដើម្បីអនុវត្តសកម្មភាពកម្មវិធីនេះឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដោយរៀបចំអនុម័តផែនការគ្រប់គ្រង និងអធិការកិច្ចជលផលទឹកសាប បន្តការគ្រប់គ្រង និងអភិរក្សធនធានជលផល តាមរយៈការបង្កើតជម្រកសិប្បនិម្មិត និងការការពារជម្រកជលផលសំខាន់ៗ និងការអនុវត្តផែនការគ្រប់គ្រងភ្លើងឆេះព្រៃលិចទឹក បន្តជម្រុញនិងពន្លឿនការអនុម័តច្បាប់ស្តីពីជលផលថ្មីឱ្យបានសម្រេចក្នុងដើមឆ្នាំ២០២៥ ដើម្បីសម្រេចបានការកែទម្រង់ជលផល បន្តការអនុវត្តផែនការគ្រប់គ្រង និងអធិការកិច្ចជលផលសមុទ្រ និងការប្រយុទ្ធប្រឆាំងការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត (IUU) ជាពិសេសការល្បាតទប់ស្កាត់បទល្មើសនេសាទសមុទ្រ បន្តការគាំទ្រដល់សហគមន៍នេសាទនិងសហគមន៍ស្រះជម្រកត្រី និងការជំរុញសហគ្រប់គ្រងធនធានជលផលសំដៅលើកម្ពស់ជីវភាពប្រជាសហគមន៍នេសាទ បន្តជំរុញការធ្វើឱ្យប្រសើរឡើងនូវការកែច្នៃធនធានជលផល ដើម្បីទទួលបានការអនុញ្ញាតឱ្យនាំចូលទៅកាន់ទីផ្សារសហភាពអឺរ៉ុប និងទីផ្សារអន្តរជាតិ និងអនុវត្តការងារដែលនៅសេសសល់ឱ្យបានសម្រេចជោគជ័យក្នុងរយៈពេល ១៣ខែខាងមុខនេះ។
បន្ថែមពីលើនេះ ឯកឧត្តមរដ្ឋលេខាធិការបានជំរុញការងារចុះបញ្ជីនាវានេសាទ ការបំពាក់ប្រព័ន្ធតាមដាននាវានេសាទ VMS ការផ្តល់លិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្មនេសាទ ការរៀបចំប្រព័ន្ធគ្រប់គ្រងព័ត៌មានជលផលឱ្យកាន់តែប្រសើរឡើង និងការធ្វើឱ្យសម្រេចបាននូវការនាំចេញផលិតផលជលផលទៅកាន់ទីផ្សារសហភាពអឺរ៉ុប៕