នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ និងឯកឧត្តម ជាម ច័ន្ទសោភណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជេីញជាគណៈអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោក យឹម ណន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ នៅសាលាខេត្តកំពង់ស្ពឺ។
នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានលេីកឡេីងអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការរក្សាស្ថិរភាពថ្លៃកសិផល សម្រាប់ប្រជាកសិករ និងអ្នកប្រេីប្រាស់ ដោយគោរពតាមគោលការណ៍ទីផ្សារសេរី ការដាក់ពង្រាយមន្រ្តីកសិកម្មភូមិ-ឃុំ ដែលជាជំនួយការបច្ចេកទេសរបស់ប្រជាកសិករ និងការកសាងសហគមន៍កសិកម្មទំនេីប ដែលអាចជួយប្រជាកសិករកាត់បន្ថយថ្លៃដេីមផលិត មានផែនការច្បាស់លាស់ មានធនធានគ្រប់គ្រាន់ ផ្គត់ផ្គង់តាមតម្រូវការទីផ្សារ និងមានស្តង់ដាការងារត្រឹមត្រូវ។
នៅចំពោះមុខអង្គពិធី ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមអំពីគោលយោបាយអាទិភាពក្នុងវិស័យកសិកម្មក្នុងការធានាឱ្យបាននូវសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ធ្វេីយ៉ាងណាឱ្យប្រជាកសិករ មានហូប មានប្រេី មានបាន និងមានរហូត ដែលលោកប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ត្រូវយកចិត្តទុកដាក់ពីដំណាក់កាលនីមួយៗឱ្យបានសុីជម្រៅ និងកំណត់អាទិភាពឱ្យចំគោលដៅ អនុវត្តស្របតាមកម្មវិធីគោលនយោបាយនេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ដល់លោកប្រធានមន្ទីរ ត្រូវបង្ហាញនូវចំណេះជំនាញក្នុងវិស័យកសិកម្ម ដោះស្រាយនូវបញ្ហាសតិអារម្មណ៍មន្ត្រីក្រោមឱវាទ ឆ្លេីយតបទៅតាមតម្រូវការរបស់ប្រជាជន ចូលរួមអន្តរាគមន៍ឱ្យទាន់ពេលវេលា និងសហការធ្វេីការរួមគ្នាជាមួយក្រសួងកសិកម្មនិងអាជ្ញាធរខេត្ត ផ្តល់ផលប្រយោជន៍ដល់ប្រជាកសិករ ជាពិសេសត្រូវមានសាមគ្គីភាពផ្ទៃក្នុង និងមានភាពជាអ្នកដឹកនាំ។
ពាក់ព័ន្ធនឹងការងារនយោបាយ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍លេីកទឹកចិត្តឱ្យចូលរួមយ៉ាងសកម្ម និងមានចិត្ត មានបេះដូងក្នុងការលេីកឡេីងពីសមិទ្ធផលនានាដែលរដ្ឋាភិបាលសម្រេចបាន ជាពិសេសត្រូវមានការពន្យល់បកស្រាយនូវភាពមិនប្រក្រតី ឬការវាយប្រហារណាមួយ ដោយត្រូវមានភស្តុតាងច្បាស់លាស់ ពេញលេញ និងឆ្លេីយតបឱ្យចំគោលដៅ។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងជូនពរដល់អង្គពិធី ទទួលបានជោគជ័យ មានលទ្ធផលល្អ និងសម្រេចគ្រប់ភារកិច្ចការងារ ក្រោមម្លប់សុខសន្តិភាព៕