នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្ត សៀក ឡេង អនុរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់-ទទួលកុំព្យូទ័រចំនួន១៧០គ្រឿង ជូនដល់អង្គភាពក្រោមចំណុះក្រសួង។
ក្នុងពិធីដ៏មានអត្ថន័យនេះ ឯកឧត្តមបានថ្លែងថា កុំព្យូទ័រចំនួន១៧០គ្រឿង មានកុំព្យូទ័រយួរដៃ (Laptop) ចំនួន៦០គ្រឿង និងកុំព្យូទ័រលើតុ (Desktop) ចំនួន ១១០គ្រឿង គឺជាការជួយឧបត្ថម្ភគាំទ្ររបស់រាជរដ្ឋាភិបាលតាមរយៈគណៈកម្មាធិការរដ្ឋាភិបាលឌីជីថលដែលដឹកនាំដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ផ្តល់ជូនមកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីជំរុញឌីជីថលូបនីយកម្មរបស់ក្រសួង ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការធ្វើបរិវត្តកម្មឌីជីថល ពង្រឹងសមត្ថភាពធនធានមនុស្សផ្នែកឌីជីថល ព្រមទាំងបង្កើនល្បឿន និងប្រសិទ្ធភាពការងារ។
ឯកឧត្តមបន្ថែមថា សមិទ្ធផលនេះទៀតសោតគឺប្រសូតចេញពីកិច្ចខិតខំ និងយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ឯកឧត្តមថ្នាក់ដឹកនាំក្រសួង ធ្វើយ៉ាងណាសម្រួលដល់ការខ្វះខាតមធ្យោបាយសម្ភារបច្ចេកទេសព័ត៌មានវិទ្យាដល់មន្រ្តីរាជការរបស់ក្រសួងយកទៅប្រើប្រាស់ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់។