នារសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិភាក្សាលេីការរៀបចំសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ដ្រី បានណែនាំឱ្យអង្គប្រជុំផ្តោតលេីការអនុវត្តកម្មវិធី និងសូចនាករសមិទ្ធកម្មដែលសម្រេចបានទាំងទិដ្ឋភាពបច្ចេកទេស និងទិដ្ឋភាពនយោបាយ គ្រប់អនុវិស័យទាំងអស់ដូចជាការងារកសិកម្ម ផលិតកម្មសត្វ ជលផល ព្រៃឈេី និងគ្រឹះស្ថានអប់រំ ដោយវាយតម្លៃឱ្យបានច្បាស់លាស់ និងបង្កេីតនូវវីដេអូបង្ហាញពីសមិទ្ធផលនានា ដែលជាការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ដ្រី បានផ្តល់អនុសាសន៍ឱ្យអង្គប្រជុំត្រូវរៀបចំសន្និបាតឱ្យបានទាន់ពេលវេលា ពិនិត្យខ្លឹមសារឱ្យបានត្រឹមត្រូវ មានតួលេខនិងផែនការច្បាស់លាស់ និងត្រៀមខ្លួនគិតគូរអំពីទិសដៅការងារឆ្នាំ២០២៥ ដោយគិតគូរពីកម្មវិធីគោលនយោបាយអាទិភាពវិស័យកសិកម្ម ការរួមចំណែកនៃវិស័យកសិកម្មនៅក្នុងកំណេីនសេដ្ឋកិច្ច និងការកសាងសហគមន៍ទំនេីបទូទាំងប្រទេស៕