នៅថ្ងៃទី៣-៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំសិក្ខាសាលាចែករំលែកលទ្ធផល និងបទពិសោធន៍ពីការធ្វើពិសោធន៍ដោយកសិករ សហការជាមួយមន្ត្រីកសិកម្មឃុំ នៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ក្នុងគោលបំណងវាយតម្លៃលទ្ធផលពីការអនុវត្តជាក់ស្តែង លើការប្រើប្រាស់ ទឹកខ្មេះធ្យូងជីវៈ និងជីធម្មជាតិ ក្នុងការដាំដុះ។
កម្មវិធីនេះ មានការចូលរួមពីឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការ តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ព្រមទាំងតំណាងគម្រោងលើកកម្ពស់ជីវភាពធន់នឹងអាកាសធាតុ នៃសហគមន៍ផលិតស្រូវនៅតំបន់បឹងទន្លេសាប(PCRL) មន្ត្រីកសិកម្មឃុំ និងអ្នកពាក់ព័ន្ធ។
តាមរយៈការធ្វើពិសោធន៍ជាក់ស្តែង កសិករ និងមន្ត្រីកសិកម្មឃុំ បានទទួលចំណេះដឹង និងបទពិសោធន៍ថ្មីៗ ដែលអាចយកទៅអនុវត្ត និងផ្សព្វផ្សាយបន្តដល់កសិករផ្សេងទៀត។ ការងារនេះក៏រួមចំណែកដល់ការលើកកម្ពស់គុណភាព និងសុវត្ថិភាពកសិផល ការពារបរិស្ថាន និងសុខភាពអ្នកប្រើប្រាស់។
សម្រាប់ផែនការបន្ត ក្រសួង និងភាគីពាក់ព័ន្ធ នឹងផ្តោតលើការពង្រីកការផ្សព្វផ្សាយ និងការធ្វើបង្ហាញជាក់ស្តែង ដោយផ្តោតជាពិសេសលើ ផលិតកម្មបន្លែ និងស្រូវដែលកាត់បន្ថយ ឬមិនពឹងផ្អែកលើថ្នាំគីមីកសិកម្ម ព្រមទាំងជំរុញការអនុវត្តបច្ចេកទេសដែលលើកកម្ពស់សុខភាពដី សុខភាពដំណាំ។ ការងារនេះនឹងរួមចំណែកដល់ការលើកកម្ពស់ សុវត្ថិភាពចំណីអាហារ សុខភាពអ្នកប្រើប្រាស់ ការការពារបរិស្ថាន និងការកាត់បន្ថយថ្លៃដើមផលិតកម្ម ព្រមទាំងជួយលើកកម្ពស់ជីវភាព និងភាពធន់របស់កសិករនៅក្នុងសហគមន៍ ៕