នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ អ៊ឹម ស៊ីថុល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ការប្រើប្រាស់បញ្ញាសប្បនិម្មិត(AI) ដើម្បីបង្កើនប្រសិទ្ធភាពការងារ» ជូនថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅទីស្តីការក្រសួង។
ថ្លែងក្នុងពិធីបើក ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ មានសេចក្ដីសោមនស្សរីករាយក្រៃលែង ក្នុងការចូលរួមជាអធិបតីភាពក្នុងវគ្គបណ្តុះបណ្តាលនេះ ដែលរៀបចំឡើងក្នុងគោលបំណងចូលរួមចំណែកកសាង ពង្រឹងសមត្ថភាព និងបង្កើនចំណេះដឹងបន្ថែមលើផ្នែកបច្ចេកវិទ្យាឌីជីថល ឱ្យស្របតាមការវិវត្តន៍យ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល និងតម្រូវការនៃការងាររដ្ឋបាលសាធារណៈនាពេលបច្ចុប្បន្ន ក៏ដូចជាការចូលរួមចំណែកដ៏សំខាន់ លើការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថលក្នុងដំណើរការឆ្ពោះទៅដល់ការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលស្របតាមចក្ខុវិស័យគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ។
ក្នុងបរិបទដែលបច្ចេកវិទ្យាឌីជីថលកំពុងវិវត្តយ៉ាងឆាប់រហ័ស ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានផ្តល់អនុសាសន៍ជាច្រើនដល់អង្គពិធី ជាពិសេសបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវាគ្មិនកិត្តិយស និងគ្រូឧទ្ទេសមកពីក្រសួងប្រែសណីយ៍ និងទូរគមនាគមន៍ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ដែលបានសហការគាំទ្រដល់ការរៀបចំវគ្គបណ្តុះបណ្តាលនេះជារបៀបវារៈដ៏សំខាន់មួយក្នុងការជំរុញកំណែទម្រង់ស្ថាប័នរដ្ឋ និងរដ្ឋបាលសាធារណៈ ដើម្បីលើកកម្ពស់គុណភាពសេវាសាធារណៈ បង្កើនប្រសិទ្ធភាពការងារ ពង្រឹងអភិបាលកិច្ច និងបង្កើតបរិយាកាស អំណោយផលដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាព ដើម្បីឆ្លើយតបទៅនឹងផែនការមេរបស់រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១–២០៣៥ សម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល នៅកម្ពុជា។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ មានសង្ឃឹមយ៉ាងមុតមាំថា វគ្គបណ្តុះបណ្តាលនាថ្ងៃនេះនឹងប្រព្រឹត្តទៅដោយរលូន សម្រាប់កិច្ចសហការ និងគាំទ្រដល់ការអភិវឌ្ឍសមត្ថភាពឌីជីថល ពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងជូនពរដល់អង្គពិធីទទួលបានលទ្ធផលជាផ្លែផ្កា ក្លាយជាចំណែកដ៏មានតម្លៃក្នុងការជំរុញបរិវត្តកម្មឌីជីថល និងការបង្កើនប្រសិទ្ធភាពការងារនៅក្នុងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕