Other News
នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងគណៈប្រតិភូអមដំណើរ បានអញ្ជើញជួបជាមួយ លោកជំទាវ Annie Genevard រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអធិបតេយ្យភាពស្បៀងអាហារ នៃសាធារណរដ្ឋបារាំង ក្នុងជំនួបពិភាក្សាទ្វេភាគី នៅរដ្ឋធានីប៉ារីស សាធារណរដ្ឋបារាំង។
នាឱកាសនៃជំនួប ភាគីទាំងពីរ បានជជែកពិភាក្សាអំពីយុទ្ធសាស្រ្ត និងការអភិវឌ្ឍវិស័យកសិកម្ម ដោយផ្តោតលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងឈានទៅរកការចុះសេចក្តីប្រកាសសុច្ឆន្ទៈ(Declaration of Intent) នាពេលខាងមុខនេះ ក្នុងឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ សំដៅលើកកម្ពស់ការស្រាវជ្រាវ និងបង្កើនទំហំកសិ-ពាណិជ្ជកម្មកម្ពុជា-បារាំង ដើម្បីផ្តល់ផលប្រយោជន៍ទៅវិញទៅមក៕