នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមជាវាគ្មិនក្នុងកម្មវិធី Maekyung Cambodia Forum ក្រោមប្រធានបទ «ព្រះរាជាណាចក្រនៃកាលានុវត្តភាព ការសហការជាយុទ្ធសាស្រ្ត សម្រាប់ការរីកចម្រើនទៅថ្ងៃអនាគត Kingdom of Opportunities-Strategic Cooperation for Future Growth» ដែលរៀបចំដោយក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា និងKorean Trade-Investment Promotion Agency (KOTRA) នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។
កម្មវិធីនេះរៀបចំឡើង ក្រោមអធិបតីភាពរបស់ឯកឧត្តម កឹម ស៊ីថន រដ្ឋមន្រ្តីស្ដីទីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម In-kyo Cheong រដ្ឋមន្រ្តីពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងស្ថាប័ននានា ពាណិជ្ជករ និងវិនិយោគិនកម្ពុជា-កូរ៉េជាច្រើនរូបទៀត ក្នុងគោលបំណងបង្កើនទំហំពាណិជ្ជកម្មរវាងកម្ពុជា-កូរ៉េ និងស្វែងរកកាលានុវត្តភាពសម្រាប់ការវិនិយោគនៅប្រទេសកម្ពុជា។
នៅក្នុងកម្មវិធីនោះ ឯកឧត្តម ឡឹក សុធារ បានធ្វើបទបង្ហាញខ្លីពីផែនការអភិវឌ្ឍន៍វិស័យកសិកម្ម សក្ដានុពលនិងបរិមាណផលដំណាំសំខាន់ៗ រួមទាំងការជំរុញការនាំចេញទៅប្រទេសកូរ៉េ ជាពិសេសសម្រាប់ផលិតផលសំខាន់ៗដូចជាស្វាយ ស្វាយចន្ទី ចេក ដូង។ល។ ឯកឧត្តមក៏បានបង្ហាញពីតម្រូវការវិនិយោគសម្រាប់ការកែច្នៃ ការវេចខ្ចប់ និងការធ្វើទីផ្សារសម្រាប់ផលិតផលសំខាន់ៗ រួមទាំងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធត្រជាក់ ដោយបំពាក់គ្រឿងបរិក្ខារត្រួតពិនិត្យអនាម័យ និងភូតគាមអនាម័យផងដែរ។
តាមរយៈបទបង្ហាញ ក្រុមហ៊ុនកូរ៉េមួយចំនួនបានសម្ដែងការចាប់អារម្មណ៍ ហើយនឹងបន្តសិក្សាលម្អិតបន្ថែមទៀត សម្រាប់ការវិនិយោគលើវិស័យកសិកម្មនេះ៕