នារសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ខណ្ឌរដ្ឋបាលជលផលខេត្តតាកែវ បានចូលរួមសហការជាមួយព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ដឹកនាំកំលាំងចម្រុះ ដោយមានការចូលរួមពីស្នងការខេត្ត នាយសង្កាត់ជលផល និងបុស្តិ៍រដ្ឋបាលមូលដ្ឋាន បានចុះឆែកឆេរឧបករណ៍នេសាទខុសច្បាប់ នៅភូមិស្វាយពារ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។
បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា កំលាំងចម្រុះ ដឹកនាំដោយព្រះរាជអាជ្ញាសាលាដំបូងខេត្តតាកែវ បានចុះធ្វើការឆែកឆេរ លំនៅដ្ឋានឈ្មោះ អន ហេង ភេទប្រុស អាយុ ៤២ឆ្នាំ ជាទីតាំងលក់ចែកចាយឧបករណ៍នេសាទខុសច្បាប់ ស្ថិតនៅភូមិស្វាយពារ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ ដោយបានរកឃើញវត្ថុតាងជាក់ស្តែងមានឧបករណ៍ឆក់ត្រីចំនួន ៤គ្រឿង។ សមត្ថកិច្ចបានធ្វើកំណត់ហេតុ ហើយជនសង្ស័យ និងវត្ថុតាង ត្រូវបាននាំមកស្នងការនគរបាលខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវិធី។
សូមជម្រាបជូនថា ការប្រើឧបករណ៍ឆក់ត្រី គឺជាឧបករណ៍នេសាទខុសច្បាប់ ដែលត្រូវផ្តន្ទាទោសតាមច្បាប់ស្តីពីជលផល៕