ថ្ងៃអាទិត្យ ១៤កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័យ ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ គឺជាថ្ងៃទី៣នៃដំណើរ បេសកកម្មរបស់ឯកឧត្តមវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ អមដំណើរដោយ សហការី និងថ្នាក់ដឹកនាំមន្ទីរកសិកម្ម បានបន្តចុះពិនិត្យការងារបង្កបង្កើនផល និងវាយតម្លៃពីផលប៉ះ ពាល់ខូចខាតដែលបណ្តាលមកពីគ្រោះធម្មជាតិ។
-កម្មវិធីទី១៖ ចុះពិនិត្យស្ថានភាពទឹកជំនន់ទន្លេសាប នៅភូមិកំពង់ព្រះ ឃុំកំពង់ព្រះ ស្រុកសង្កែ ត្រង់ចំណុចអូរតាសាម។ តាមសេចក្តីរាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ឲ្យដឹងថាដីស្រែចំនួនជា៣ម៉ឺនហតត្រូវបានខីចខាត ទាំងស្រុងក្នុងនោះការខូចខាតដោយទឹកជំនន់មានប្រមាណជាង ១៣ពាន់ហត និងរាំងស្ងួតជាង១៧ពាន់ហត ដែលបានកើតឡើងនៅស្រុកឯកភ្នំ ថ្មគោល សង្កែ បវេល មោងឬស្សី រុក្ខគិរី គាស់ក្រឡ កំរៀង និងសំពៅលូន។ ចំពោះដំណាំកសិឧស្សាហកម្មនៅទូទាំងខេត្ត មាន ពោត ដំឡូង សណ្តែក និងម្រេច បានទទួលរងការខូចខាតដោយគ្រោះធម្មជាតិ មានសរុបប្រមាណជាង ៣ពាន់ហត(ជំនន់ជាង ១ពាន់ហត និងរាំងស្ងួតជាង ២ពាន់ហត។
ដោយឡែកនៅស្រុកសង្កែដែលឯកឧត្តមរដ្ឋមន្រ្តីបានពិនិត្យផ្ទាល់នេះមានផ្ទៃដីស្រូវឡើងទឹកនៅតំបន់ពីរនៃបឹងទន្លេសាបប្រមាណជាជាង ៦ ពាន់ហិតា បានទទួលរងការខូចខាតដោយជំនន់បឹងទន្លេសាប។