នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងារនៃអគ្គនាយកដ្ឋានកសិកម្ម ដឹកនាំដោយ លោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែងបានបន្តចុះពិនិត្យស្ថានភាព នៃការផ្ទុះរាលដាលរុយស ស៊ីបំផ្លាញដំណាំស្រូវ និងនាំយកថ្នាំអន្តរាគមន៍បាញ់សម្លាប់រុយស នៅភូមិព្រៃល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង ដោយមានការចូលរួមពីឯកឧត្តម ចាន់ រ៉ាន់ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ព្រមទាំងមន្ត្រីរាជការនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង អាជ្ញាធរមូលដ្ឋាន មន្ត្រីកសិកម្មឃុំ និងប្រជាកសិករប្រមាណ ៧០នាក់ ។
នាឱកាសនៃដំណើរចុះត្រួតពិនិត្យនោះ លោក គង់ គា មានប្រសាសន៍ថា បន្ទាប់ពីទទួលបានព័ត៌មានស្តីការបំផ្លាញរបស់រុយសនេះភ្លាម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមាន ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម និងឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បានបញ្ជាឱ្យអង្គភាពជំនាញចុះពិនិត្យ និងវាយតម្លៃអំពីស្ថានភាពទូទៅនៃការបំផ្លាញ ដំណាំស្រូវនៅតាមបណ្តាឃុំរួមមានឃុំល្វា និងឃុំបន្ទាយចក្រី នៃស្រុកព្រះស្តេច ។ តាមរយៈការចុះពិនិត្យស្រែឃើញថា ការបំផ្លាញមានសភាពធ្ងន់ធ្ងរ និងរាលដាលកាន់តែខ្លាំងនៅតាមឃុំផ្សេងៗ ទៀត។
ខណៈពេលជួបជាមួយកសិករនៅភូមិត្នោតច្រះ ឃុំល្វា ស្រុកព្រះស្តេច លោកប្រធាននាយកដ្ឋានបានជម្រាបជូនប្រជាកសិករអំពីប្រវត្តិនៃការបំផ្លាញ លក្ខខណ្ឌនៃការកកើត និងការបំផ្លាញរបស់រុយសនេះ។ ជាមួយគ្នានេះដែរមន្ត្រីជំនាញនៃនាយកដ្ឋានការពារដំណាំបានណែនាំកសិករអំពីវដ្តជីវិត ការវាយតម្លៃប្រជាកររបស់សត្វនេះក្នុងស្រែ និងណែនាំអំពីវិធីសាស្ត្រផ្សេងៗក្នុងការការពារ និងកម្ចាត់ រួមទាំបច្ចេកទេសនៃការប្រើប្រាស់ថ្នាំកសិកម្មឱ្យមានប្រសិទ្ធភាព និងសុវត្ថិភាពផងដែរ។
តំណាងឱ្យក្រុមការងារបច្ចេកទសនៃអគ្គនាយកដ្ឋានកសិកម្ម លោក គង់ គា ក៏បានណែនាំឱ្យមន្ទីកសិកម្មខេត្ត ជាពិសេសមន្ត្រីកសិកម្មឃុំ និងអាជ្ញាធរមូលដ្ឋានចុះវាយតម្លៃផលប៉ះពាល់ និងធ្វើរបាយការណ៍បូកសរុបជូនអគ្គនាយកដ្ឋានកសិកម្ម និងក្រសួងកសិកម្ម ដើម្បីចាត់វិធានការអន្តរាគមន៍ឱ្យបានទាន់ពេលវេលា ហើយក្រុមការងារនឹងបន្តស្នាក់នៅក្នុងខេត្តព្រៃវែង ដើម្បីចូលរួមវាយតម្លៃ និងចុះអន្តរាគមន៍ជាមួយគ្នា។
សូមបញ្ជាក់ដែរថា នៅអំឡុងពេលនៃការចុះពិនិត្យនេះ អគ្គនាយកដ្ឋានកសិកម្មក៏បានចែកថ្នាំកសិកម្មដល់មន្ទីរកសិកម្មខេត្តព្រៃវែង និងកសិករដើម្បីបានបាញ់កម្ចាត់សត្វរុយសលើផ្ទៃដីចំនួន២០ហិកតា និងណែនាំឱ្យកសិករបាញ់នៅពេលព្រឹក និងពេលល្ងាចជាដើម៕