លោក ចាន់ ហ៊ិត អគ្គនាយករងនៃអគ្គនាយកដ្ឋានចម្ការកៅស៊ូ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមរណភាព កាលពីរសៀលថ្ងៃទី១៣ ខែមករា កន្លងទៅនេះ ដោយជំងឺក្នុងជន្មាយុ៥៤ឆ្នាំ។
កាលពីរសៀលថ្ងៃទី១៥ ខែមករានេះ ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងមន្ត្រីថ្នាក់ដឹកនាំក្រសួង និស្សិតសាកលវិទ្យាល័យកសិកម្មជាច្រើននាក់ បានអញ្ជើញទៅសម្តែង នូវការគោរពជាចុងក្រោយ ចំពោះសពលោក ចាន់ ហ៊ិត ព្រមទាំងនាំទៅជាមួយនូវថវិកាមួយចំនួន ទៅជូនគ្រួសារសពផងដែរ
មន្ត្រីខុទ្ទកាល័យ ឯកឧត្តមរដ្ឋមន្ត្រី បាននិយាយថា ការគោរពវិញ្ញាណក្ខន្ធសពនេះ បានធ្វើឡើងនៅវត្តដំបូកខ្ពស់ រាជធានីភ្នំពេញ ដែលជាទីតម្កល់សពរបស់លោក ចាន់ ហ៊ិត។
នៅក្នុងពិធីនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការសោកស្តាយ ចំពោះការបាត់បង់មន្ត្រីដ៏ល្អមួយរូប ដែលបានរួមចំណែក បំពេញការងារជូនក្រសួងពិសេសលើវិស័យកៅស៊ួ។
មន្ត្រីរូបនោះបានឱ្យដឹងទៀតថា សពរបស់លោក ចាន់ ហ៊ិត នឹងដង្ហែទៅកាន់ស្រុកកំណើតរបស់លោក នៅភូមិកោងទន្លេ ឃុំល្វេ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។