នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម អ៊ឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី២៥ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប នៅទីស្ដីការក្រសួងមហាផ្ទៃ។
សូមជម្រាបជូនថា កិច្ចប្រជុំនេះមានការចូលរួមពីអនុប្រធាន សមាជិក សមាជិកា គ.ជ.អ.ប តំណាងក្រសួង ស្ថាប័ន និងតំណាងរដ្ឋបាលថ្នាក់ក្រោមជាតិ សរុបប្រមាណ១៤០រូប ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន៦ រួមមាន៖ (១).ពិនិត្យនិងអនុម័តលើកំណត់ហេតុកិច្ចប្រជុំ គ.ជ.អ.ប លើកទី២៤ (២).របាយការណ៍វឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពនិងថវិកាឆ្នាំ២០២៥ របស់ គ.ជ.អ.ប (៣).របាយការណ៍ស្ដីពីការវាយតម្លៃពាក់កណ្ដាលអាណត្តិនៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០) (៤).ពិនិត្យនិងអនុម័តលើផែនការអនុវត្តរយៈពេល៥ឆ្នាំ ដំណាក់កាលទី២ (២០២៦-២០៣០) នៃកម្មវិធីជាតិ (៥).ពិនិត្យនិងអនុម័តលើផែនការសកម្មភាពនិងថវិកាឆ្នាំ២០២៦ របស់ គ.ជ.អ.ប (៦).បញ្ហាផ្សេងៗទៀត៕