ព្រឹកថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី រួមជាមួយឯកឧត្តម ញឹក បានខេង អភិបាលរងខេត្ត បានអញ្ជើញមកសួរ សុខទុក្ខប្រជាសហគមន៍ព្រៃឈើឃ្មុំស្រកថ្លុកឫស្សី ដែលមានទីតាំងនៅភូមិត្រពាំងថ្ម ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ។ មន្ត្រីរដ្ឋបាលព្រៃឈើបានឲ្យដឹងថាទូទាំងខេត្តកំពង់ធំមានសហគមន៍ព្រៃឈើចំនួន ៨៣កន្លែង មានផ្ទៃដីជាង ៨៣ពាន់ហត ក្នុងនោះមាន ៦៩សហគមន៍ មានផ្ទៃដីជាង ៥៩ ពាន់ហត ត្រូវបានចុះបញ្ជីទទួលស្គាល់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ដោយឡែក សហគមន៍ព្រៃឈើឃ្មុំស្រកថ្លុកឫស្សីនេះបានបង្កើតឡើងនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០០៨។ ប្រជាសហគមន៍ភាគច្រើនប្រកបរបរកសិកម្មជាចំបង និងរុករកផល និងអនុផលព្រៃឈើ នៅលើផ្ទៃដីជាង ៦៧១ហត គ្របដណ្តប់ដោយឈើចម្រុះពូជដុះផ្តល់ម្លប់យ៉ាងត្រឈឹងត្រឈៃជាទីមនោរម្យសម្រាប់ជីវិតរស់នៅរបស់ប្រជាសហគមន៍ដែលពឹងអាស្រ័យមួយផ្នែកលើធនធានធម្មជាតិដ៏មានតម្លៃនេះ។
ឆ្លៀតយកឱកាសនេះ លោកបានធ្វើការសំណេះសំណាលជាមួយប្រជាសហគមន៍ដោយបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចប្រធានរដ្ឋសភា ស្តេចប្រធានព្រឹទ្ធសភា និងថ្នាក់ដឹកនាំកំពូលមួយចំនួនទៀត មកជូនប្រជាសហគមន៍ទាំងអស់ ហើយសម្តេចបានជូនពរឲ្យជួបតែសេចក្តីសុខ ចម្រើន និងមានសុភមង្គលគ្រប់ៗគ្រួសារ។ លោកបានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំរដ្ឋបាលព្រៃឈើ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរដែនដី ដែលបានខិតខំ រួមគ្នាបង្កើតសហគមន៍ព្រៃឈើនេះឡើងបំណងថែរក្សា និងអភិវឌ្ឍព្រៃឈើដែលជាសម្បត្តិធម្មជាតិ។ លោកបន្តថា យើងបង្កើតមកហើយ ដូច្នេះត្រូវតែរួមគ្នាថែរក្សាទាំងព្រៃ និងសុខភាពនៃសេដ្ឋកិច្ចគ្រួសារសហគមន៍ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត។ ហេតុនេះ អ្វីដែលអាចពង្រឹង និងពង្រីកជីវភាពរបស់ពួកគាត់បាន លុះ ត្រាតែយើងរួមគ្នាអភិវឌ្ឍសហគមន៍នេះឲ្យមានការរីកចម្រើន តាមរយ:បង្កើតមុខរបរប្រចាំជីវិត ពង្រីកការងារកសិកម្មចិញ្ចឹមសត្វ (មាន់ និងគោ) និងដាំដំណាំដែលផ្តល់ផលក្នុងរយ:ពេលខ្លី និងពេលវែងដូចជាឫស្សីជាដើម។ ការងារនេះ លោកបានណែនាំឲ្យរដ្ឋបាលព្រៃឈើ និងមន្ទីរចុះមកជួយបណ្តុះបណ្តាលការងារបច្ចេកទេសកសិកម្មថ្មីៗបន្ថែមទៀត រួមទាំងការងារគ្រប់គ្រងទូទៅទាំងព្រៃ ការងាររដ្ឋបាល ការងារឥណទាន និងការអភិវឌ្ឍសហគមន៍ ដើម្បីប្រែក្លាយតំបន់នេះឲ្យទៅជាតំបន់អេកូទេសចរណ៍ នាពេលអនាគតដ៏ខ្លី ប្រយោជន៍ទាញយកផលពីព្រៃធម្មជាតិនេះឲ្យអស់សក្តានុពល ឈានទៅបង្កើនចំណូល កាត់បន្ថយភាពក្រីក្រ និងចំណាកស្រុក។ រដ្ឋបាលព្រៃឈើគួរតែជំរុញការចុះបញ្ចីសហគមន៍ព្រៃឈើឲ្យបានច្រើនថែមទៀត ប្រយោជនីដើម្បីគ្រប់គ្រង និងការពារព្រៃឈើដែលនៅសេសសល់ឲ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ។ ត្រូវធ្វើប្លង់កម្មសិទ្ធិកាន់កាប់ដីព្រៃឈើសហគមន៍ឲ្យបានត្រឹមត្រូវ ចៀសវាងការកាប់ព្រៃទន្រ្ទានកាន់កាប់ដីព្រៃឈើសហគមន៍ដោយខុសច្បាប់។